(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មុននឹងអញ្ជើញជាអធិបតីភាពនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាជាមួយនឹង លោក Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

ក្នុងជំនួបនេះ លោក Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានជម្រាបសម្តេចតេជោថា លោកពិតជារីករាយណាស់ ដែលបានដឹកនាំគណៈប្រតិភូកីឡាអញ្ជើញចូលរួមមហាសន្និបាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន ជាមួយនឹងមានការអភិវឌ្ឍន៍វិស័យកីឡា និងមានពហុកីឡដ្ឋានជាតិមរកតតេជោយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅពេលខាងមុខ។ លោកក៏មានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជា ក្នុងការរៀបចំកិច្ចប្រកួត Sea Games នៅពេលខាងមុខទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នូវការសម្គាល់ថា តំបន់អាស៊ីយើងពិតមែនមានប្រជាជនច្រើន ក៏ប៉ុន្តែមិនប្រាកដថា មានប្រជាជនពូកែៗសម្រាប់ប្រកួតទទួលបានពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ ។

សម្តេចបន្តថា ទោះជាយ៉ាងណាការប្រកួតយកមេដៃជាកត្តាមួយ កត្តាមួយទៀតដែលសំខាន់ដែរនោះ គឺកត្តាសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ភ្ជាប់ក្នុងការគោរពសីលធម៌កីឡានៅពេលប្រកួត៕