(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី មេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ឱ្យទទួលបានជោគជ័យខ្ពស់។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានស្នើយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡា របស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

គួរជម្រាបថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ៕