(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

ខាងក្រោមជាខ្លឹមសារនៃសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៃមហាសន្និបាតលើកទី៤១ នៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញនៃ វិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៍ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាពសុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និង វិបុលភាពរួម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡា របស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល ធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខ នេះឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានាសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យក កាលានុវត្តភាពថ្មីៗដែលកើតចេញ ពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើន ឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យា ឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព និងភាពជោគជ័យនេះបង្កលក្ខណៈអំណោយផលដល់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ក៏ដូចជាការជួបជុំមហាគ្រួសារក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ ប្រទេស នាពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឈ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុងតំបន់អាស៊ី។

* សម្តេចតេជោ ហ៊ុន សែន ស្នើក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តំបន់អាស៊ីគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាវិស័យកីឡារបស់ទ្វីបយើងនៅទន់ខ្សោយ ជាពិសេសបាល់ទាត់ ដែលសូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ពិបាកទៅដល់។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពង្រឹងក្រមសីលធម៌ក្នុងការប្រកួតកីឡា ដោយលើកឡើងអំពីឧបទ្ទវហេតុរត់ជាន់គ្នានៅប្រទេសឥណ្ឌូនេស៊ី។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យខ្ពស់៕