(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ស្នើដល់អារ៉ាប៊ីសាអ៊ូឌីត សូមបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្នែកវិទ្យាសាស្ត្រ និងវិស្វករបន្ថែមទៀត ដើម្បីឲ្យពួកគេមានសមត្ថភាព គ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

ការស្នើខាងលើក្នុងឱកាសដែល លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡា នៃអារ៉ាប៊ីសាអ៊ូឌីត នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអារ៉ាប៊ីសាអ៊ូឌីត ដែលតែងតែផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋកម្ពុជា និងផ្ដល់អាហារូបករណ៍ដល់និស្សិតមុស្លិមកម្ពុជាច្រើនកន្លែង ដែលនេះគឺជាការចូលរួមយ៉ាងធំធេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការលើកស្ទួយជីវភាពប្រជាជន និងធនធានមនុស្សនៅកម្ពុជា។

ដោយឃើញយុវជនកម្ពុជា ស្រឡាញ់ និងចូលចិត្តវិស័យកីឡា លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើដល់ភាគីអារ៉ាប៊ីសាអ៊ូឌីត សូមឲ្យសហការពង្រឹងវិស័យកីឡានៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាពពេញលេញ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា និងធ្វើឲ្យប្រទេសជាតិមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។

ជាកិច្ចឆ្លើយតប ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud ទ្រង់បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។

ព្រះអង្គបានមានព្រះបន្ទូលបន្តថា ក្នុងនាមព្រះអង្គតំណាងឲ្យអារ៉ាប៊ីសាអ៊ូឌីត សូមស្វាគមន៍ និងបន្តជួយជ្រោមជ្រែង ទៅលើវិស័យមនុស្សធម៌ និងវិស័យអប់រំ ជាពិសេសសម្រាប់សហគមន៍ ឥស្លាមនៅកម្ពុជា។

ជាចុងក្រោយ ព្រះអង្គ ទ្រង់បានបញ្ជាក់ថា ព្រះអង្គនឹងនាំនូវសំណើនានា ជូនរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជ្រាប សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត៕