(ភ្នំពេញ)៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សឲ្យបានរឹងមាំ និងកាន់តែមានប្រសិទ្ធភាពការងារទ្វេដង ឆ្ពោះទៅដណ្ដើមជ័យជម្នះឲ្យបាន នៅពេលបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។

លោក ឃួ​ង ស្រេង លើកឡើងបែបនេះ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ និងខណ្ឌ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។

ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូប ដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិក​គណៈកម្មាធិកា​រគណបក្សរាជធានី និងជាសមាជិក​គណៈអចិន្ត្រៃយ៍គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ។ ចំណែកប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរនិងផ្លាស់ប្តូរផងដែរ។

លោក ឃួ​ង ស្រេង បានស្នើមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារអោយបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣។

លោកបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទំនុកចិត្តនិងរស់នៅជាមួយនឹងច្បាប់។

លោក ឃួង ស្រេង បានបន្តទៀតថា ចំពោះកម្មករ បើពួកគាត់មានបញ្ហា ត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាអោយពួកគាត់មានទំនុកចិត្ត។ លោក ឃួង ស្រេង ក៏បានស្នើអោយប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់។

បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅដើរលេងកំសាន្ត ដើម្បីបក្សមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយពេញមួយជីវិតសម្តេចបានលះបង់សព្វបែបយ៉ាងដើម្បីប្រទេសជាតិ រហូតនាំប្រទេសជាតិមួយនេះ មានសន្តិភាពនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ដូច្នេះលោកស្នើអោយមន្ត្រីបក្សទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង់៕