(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័តមាន បានអបអរសាទរចំពោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលត្រូវបានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD ផ្តល់ជូននូវពានរង្វាន់ រួមទាំងប្រកាស នីយបត្រទទួលស្គាល់ «ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ទសវត្សរ៍កន្លងមកនេះ។

ពាន «ស្នាដៃពេញមួយជីវិត» នេះត្រូវបានលោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកពីប្រទេសឥណ្ឌា កាលពីការប្រារព្ធមហាសន្និបាត AIBD លើកទី២០ នាចុងខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ មកបប្រគល់ជូនរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ពាន «ស្នាដៃពេញមួយជីវិត» ដែល AIDB ប្រគល់អោយនេះ មិនសម្រាប់តែរូបលោកផ្ទាល់ម្នាក់ឯងនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរួមគ្នាទាំងអស់ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក្នុងកិច្ចការងារលើកកម្ពស់វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានយ៉ាងល្អប្រសើរ។

សម្រាប់ដំណើរការ នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលបានដំណើរការពេញ ១ព្រឹកនេះដែរ បានធ្វើការពិនិត្យ ពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅ វិញទៅមក ទាក់ទងរាល់ការងារដែលត្រូវបំពេញប្រចាំថ្ងៃ និងដាក់ចេញជាទិសដៅ ដើម្បីធ្វើឲ្យការអនុវត្តន៍រាល់ភារកិច្ចការងារកាន់តែមានប្រសិទ្ធភាពនិងលទ្ធផលល្អបន្ថែមទៀត។ កិច្ចប្រជុំកក៏បានធ្វើការពិនិត្យការងារដែលអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការ កិច្ចការ ងារព័ត៌មាន សម្រាប់ព្រឹត្តការណ៍អន្តរជាតិ សំខាន់ៗ ដែលកម្ពុជា ធ្វើជាម្ចាស់រៀបចំ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយក ដ្ឋាន ទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន រួមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ និងអនុគណ:កម្មការ បានធ្វើរបាយការណ៏ជម្រាបពីវឌ្ឍនភាពការងារ សំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញនិងអនុវត្តន៍បានកាលពីពេលកន្លងនេះ ដោយបានធ្វើអោយរាល់កិច្ចការងារបានដំណើរដោយរលូន។ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតឲ្យបានកាន់តែល្អប្រសើរ។

កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នាលើផែនការសកម្មភាពការងារផ្សព្វផ្សាយដែលក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវក្នុងកិច្ចការថត និងផ្សាយពីព្រឹត្តការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា នៅក្នុងខែតុលា និងវិច្ឆិកា មានព្រឹត្តការណ៍ធំៗជាច្រើន ក្នុងនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រមុខថ្នាក់ដឹកនាំ ក្នុងតំបន់ និងពិភពលោក មកចូលរួមជាច្រើន។ ទន្ទឹមគ្នានេះដែរ នៅក្នុងឆ្នាំ២០២៣ ក៏មានព្រឹត្តការណ៍នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ដូច្នេះក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តី ដើម្បីបំពេញការងារអោយបានល្អ។

តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីនេះដែរ រដ្ឋមន្រ្តី បានជំរុញឲ្យគណៈកម្មការបណ្តុះបណ្តាល និងពង្រឹងវិជ្ជាជីវៈ រួមជាមួយ នាយកដ្ឋានបុគ្គលិក សហការជាមួយមន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបំផុស និងជម្រុញមន្រ្តីក្រោមឱវាទ ដែលមានកំរិតសិក្សានៅទាបនៅឡើយ ឲ្យបន្តបំពេញវិជ្ជាជីវៈបន្ថែម ក្នុងនោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានផ្តល់អសហារូបករណ៏ជូនដល់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន ៥០កន្លែង ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញឲ្យគណៈកម្មការបោះពុម្ពសៀវភៅ (កម្ពុជាក្នុងក្រសែភ្នែកពិភពលោក) ត្រូវរៀបចំអោយរួចរាល់អស់ ដើម្បីធ្វើការបោះពុម្ព ជាភាសាខ្មែរជំហានដំបូងអោយបានមុនដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ខាងមុខនេះ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់គ្រប់ផ្នែកពាក់ពន្ធ័ ពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រៀមឲ្យបានគ្រប់គ្រាន់ដើម្បីរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយទូរទស្សន៍ជប៉ុន NHK។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ គណៈកម្មការ សន្ទានុក្រមប្រពន្ធ័ផ្សព្វផ្សាយ ក៏បានជម្រាបជូននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតដែល ក្រុមការងារទាំងអស់បានប្រឹងប្រែងធ្វើក្នុងរយៈកន្លងមក ដោយសម្រេចជ្រើសរើសយក មេ ពាក្យសំខាន់ៗជាច្រើន សម្រាបប្រើក្នុងកិច្ចការពាក់ពន្ធ័ ប្រពន្ធ័ផ្សព្វផ្សាយ។

នៅក្នុងឱកាសបញ្ចប់កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោលទ្ធផល ការងារដែលបណ្តា អគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន សម្រេចអនុវត្តន៍កន្លងមកនេះ ពិសេសការខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានផ្សព្វផ្សាយទាំង៣ គឺ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលផ្សព្វផ្សាយបាន យ៉ាងទូលំទូលាយនូវរាល់ព្រឹត្តការណ៏សំខាន់ៗ និងកម្មវិធីជាច្រើនទៀត បានទូលំទូលាយ ជាពិសេស បង្ហាញនូវរាល់សមិទ្ធិផលថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកបាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងទិសដៅនៃការអភិវឌ្ឍបន្តទៅមុខទៀត ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ៕