(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះ គ្រួសារសពយោធិន២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក២នាក់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នៅក្នុងសារចូលរួមរំលែកមរណទុក្ខ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានចាត់ទុកថាការបាត់បង់នេះ ជាការបាត់នូវកងទ័ពដ៏អង់អាចក្លាហានដែលកន្លងមក បានចូលរួមបម្រើជាតិមាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីអង់អាចក្លាហានឆន្ទៈមោះមុត និងហ៊ានពលីជីវិតដើម្បីសង្គ្រោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សពយោធិន២រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក២នាក់ ត្រូវបានគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះរួមមានសពទី១គឺ អ.ឯក វ៉ាន ថុន មានអាយុ២៣ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ គឺ អ.ឯក ឈន ស៊ីដេត មានអាយុ ៣៩ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ជំនួសមុខឱ្យមេបញ្ជាការ មេបញ្ជាការរងនាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំមូលសូមបួងសួង និងឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងពីររូប បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានចូលរួមបុណ្យសពចំនួន២ពាន់ដុល្លារ (មួយគ្រួសារសព១ពាន់ដុល្លារ)។

សូមរំលឹកថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់ កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរគួចខ្លាំងបណ្តាលអោយលង់ស្លាប់ទាំង០២ នាក់តែម្តង៕