(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពី​ទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​នៃអង្គការ​ទេសចរណ៍​ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។

ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រី ថោង ខុន ក៏បានឡើងអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានវាយតម្លៃខ្ពស់សម្រាប់សារលិខិត​អបអរសាទររបស់សម្តេចតេជោ ដ៏មានអត្ថន័យប្រកបដោយខ្លឹមសារដឹកនាំជ្រាលជ្រៅ, ចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់​ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋ​ទាំងមូល និងបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេច ដែលបានដឹកនាំដោះស្រាយ និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាព​ជោគជ័យ​ត្រចះត្រចង់ នាពេលកន្លងមក។

ជាមួយគ្នានោះស្របនឹងការបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩» ទស្សនទាន និងយោបល់នៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ លោក ថោង ខុន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្ត្រី រួមមាន៖

* បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍៖ បង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាង​មូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវបន្ត និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឡើងវិញ តាមរយៈយន្តការនៃការបណ្តុះបណ្តាលខាងក្នុង ដែលក្រសួង​ទេសចរណ៍បានដាក់ឲ្យប្រើប្រាស់ មុនវិបត្តិកូវីដ-១៩។

បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន ដើម្បីរក្សាមូលដ្ឋានមនុស្សក្នុងវិស័យទេសចរណ៍ បង្កើនភាពទាក់ទាញជំនាញទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍអាជីព ស្របតាមវិថីនៃការអភិវឌ្ឍអាជីពទេសចរណ៍កម្ពុជា ដែលក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ​បានសហការអនុវត្តមុនវិបត្តិកូវីដ-១៩, ធ្វើការបណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ​ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ច​ព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។

* បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍៖ បង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋ​ដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា​ទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដោយយុវជន។

* បង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ៖ មន្ទីរទេសចរណ៍ខេត្តត្រូវបន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍ​ទេសចរណ៍ ជនបទ​ថែមទៀត​ឲ្យឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ថ្មីៗ, ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងចំណាកស្រុក ដោយឈរលើ​គោលការណ៍​នៃការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់មូលដ្ឋាន។

សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ បង្កើតផលិតផលថ្មីៗបន្ថែមទៀត ដោយខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញ​នៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទាំងនេះជាផលិតផលទេសចរណ៍ល្អឯកប្រចាំតំបន់,​ជំរុញបន្ថែម ការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារតាមជនបទ ដែលនឹងអាចចូលរួមបង្កើនការដាំដុះកសិផល ក៏ដូចជាការប្រើប្រាស់នៅមូលដ្ឋាន សំដៅពង្រឹងតួនាទី​ទេសចរណ៍​ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់ប្រសើរដល់ពលរដ្ឋមូលដ្ឋាន, ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ដែលបាន​រៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

* បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍៖ រៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ដោយត្រូវផ្តោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ លើកកម្ពស់ និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍​ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំង​ធុរកិច្ចទេសចរណ៍ជនបទ។

ដាក់ចុះយុទ្ធនាការ «ការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍» តាមរយៈការពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវ លើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ព្រមទាំងជំរុញឲ្យមានកិច្ចសហការរៀបចំកម្មវិធីនៃការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិលើសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយសហការជាមួយ​អង្គការ​ទេសចរណ៍ពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានោះ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ឲ្យបានទូលំទូលាយថែមទៀត លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមន្ទីរទេសចរណ៍​រាជធានី-ខេត្តទាំង២៥ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធយកខ្លឹមសារនៃការប្រារព្ធពិធីថ្ងៃនេះ​ ទៅអនុវត្ត និងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនានាឱ្យកាន់តែទូលំទូលាយផងដែរ៕