(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានប្រកាសទុកពេលបន្ថែម ១០ថ្ងៃទៀត ឲ្យអង្គភាពមិនស្វែងរកប្រាក់ចំណេញ បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការបិទបញ្ចប់នៃការទទួលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងបានឲ្យដឹងថា កន្លងមក ន.គ.ស. បានសង្កេតឃើញថា អង្គភាពមិនស្វែងរកប្រាក់ចំណេញភាគច្រើនបានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ទៅ ន.គ.ស. រួចរាល់ជាស្ថាពរ និងមានអង្គភាពមិនស្វែងរកប្រាក់ចំណេញមួយចំនួនបានកំពុងចូលប្រើប្រាស់ប្រព័ន្ធ (E-Filing for NFPEs) ក្នុងការស្នើសុំលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុ (FIN) មិនទាន់បញ្ចប់និតិវិធីបាននៅឡើយ ដោយសារកង្វះការយល់ដឹងពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធ។

ដើម្បីសម្រួលដល់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមិនអាចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. ទាន់ពេលកំណត់ ន.គ.ស. សម្រេចផ្ដល់ពេលវេលាបន្ថែម រយៈពេល១០ថ្ងៃ ដូចខាងក្រោម៖

* អង្គភាពមិនរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ មក ន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing for NFPEs) ឱ្យបានរួចរាល់ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
* អង្គភាពរងសវនកម្មឯករាជ្យ៖ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ ដែលរងសវនកម្មឯករាជ្យរួចមក ន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing for NFPEs) ឱ្យបានរួចរាល់ ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ករណីអង្គភាពដែលមិនអាចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក ន.គ.ស. ទាន់ពេលកំណត់ខាងលើ អាចដាក់លិខិតស្នើសុំពេលវេលាបន្ថែមពី ន.គ.ស. ដោយត្រូវបញ្ជាក់ពីហេតុផលសមស្របឱ្យបានមុនកាលបរិច្ឆេទបិទបញ្ចប់នៃការទទួលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ន.គ.ស. នឹងពិនិត្យនិងផ្តល់ការសម្រេចលើសំណើនីមួយៗផ្អែកតាមហេតុផលនិងទិដ្ឋភាពជាក់ស្តែង។

ការខកខាន ឬការយឺតយ៉ាវមិនបានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ មក ន.គ.ស. តាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ ជាកម្មវត្ថុនៃការពិន័យអន្តរការណ៍ដូចបានកំណត់នៅក្នុងអនុក្រឹត្យលេខ ៧៩ អនក្របក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម នឹងអាចមានវិធានការរដ្ឋាបាលផ្សេងទៀត ដោយអនុលោមតាមច្បាប់និងបទប្បញ្ញាតិពាក់ព័ន្ធជាធរមាន៕