(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីស្ថានភាពទឹកជំនន់ ដែលបន្តឡើងរយៈពេល៣ថ្ងៃ ចុងក្រោយនេះ ខណៈភូមិមួយចំនួននៅជាប់ទន្លេ កំពុងរងការជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន ព្រមទាំងក្រើនរំឮកបន្ថែមដល់អាជ្ញាធរមូលដ្ឋានត្រូវក្តាប់ឱ្យជាប់ចំពោះស្ថានភាពទឹកជំនន់។

ការណែនាំបែបនេះ របស់អភិបាលស្រុកតាំងគោក បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងលិច បង្កឱ្យមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅភូមិគោកត្របែក និងទួលតាមុំ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

លោកអភិបាលស្រុក បានបន្ថែមថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់។ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឱ្យលេងទឹក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព អនាម័យ​និងសុវត្ថិភាពចំណីអាហារ។

បន្ថែមពីនេះ លោកក៏បានណែនាំដល់រដ្ឋបាលឃុំទាំងអស់ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឱ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ៕