(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានថ្លែងថា ការវិវឌ្ឍនៃល្ខោនបាសាក់មានការធ្លាក់ចុះ ហើយការណ៍នេះកើតឡើងដោយសារតែខ្វះការគាំទ្រ។

ថ្លែងក្នុងកម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព លោកស្រី ភឿង សកុណា បានស្នើឲ្យមានការគាំទ្រល្ខោនបាសាក់ ពីស្រទាប់មហាជន ជាពិសេសពីយុវវ័យ ដើម្បីឲ្យល្ខោនបាសាក់ មានការរីកចម្រើនឡើងវិញ ដូចកាលពីអតីតកាល។

ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងនូវការកោតសសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងជិតស្និត និងឧបត្ថម្ភគាំទ្រកន្លងមក ដែលនេះគឺជាការចូលរួមយ៉ាងសកម្មដើម្បីជួយគាំទ្រ លើកស្ទួយ វិស័យសិល្បៈទស្សនីយភាព ពិសេសល្ខោនបាសាក់ ឱ្យចាប់ផ្តើមមានសកម្មភាពឡើងវិញ។ លោកស្រីរដ្ឋមន្ត្រី បានសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងយករង្វាន់ ក្នុងឱកាសរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស កើតឡើង។

លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជារឿងដែលខ្ញុំយល់ថា ជាស្មារតីគាំទ្រ ហើយដែលយើងត្រូវការបន្ថែមនេះ គឺការគាំទ្រពីមហាជន ជាពិសេសយុវជន។ សូមឲ្យបំផុសនៅស្មារតី ថែរក្សានូវអ្វីដែលជារបស់ជាតិ»

ល្ខោនបាសាក់ មានឈ្មោះដើមជាល្ខោនទ្រើងឃ្លោក មានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោក ត្រូវបានយកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមក ក៏ហៅកាត់ខ្លីថាល្ខោនបាសាក់ ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។

ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់។ ល្ខោននេះទៀតសោត មានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាម។

បើតាមលោកស្រី ភឿង សកុណា បើទោះជាសម័យបច្ចុប្បន្ន ទូរសព្ទវ័យឆ្លាត (Smart Phone) ដើរតួនាទីសំខាន់ ដែលអ្នកប្រើប្រាស់អាចទស្សនាទស្សនីយភាពនានាក៏ដោយ ក៏នៅប្រទេសចិន បើសិនជាគេចង់មើលល្ខោនអូប៉េរ៉ាប៉េកាំង (Peking Opera) ត្រូវទិញសំបុត្រ១ ក្នុងតម្លៃប្រមាណ ៥០០ដុល្លារ។ ម្យ៉ាងទៀត ដើម្បីចូលមើលការសម្តែងបាន អ្នកចង់ទស្សនាត្រូវទិញសំបុត្រទុក ១ឆ្នាំមុនឯណោះ ទើបអាចចូលមើលបាន។ បើទោះជាស្មាតហ្វូនរីកចម្រើន ក៏សន្ទុះនៃការគាំទ្ររបស់ប្រជាជនរបស់គេ នៅតែខ្លាំងក្លាដដែល ខណៈល្ខោនអូប៉េរ៉ាប៉េកាំង ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។

លោកស្រីបញ្ជាក់ថា «នៅប្រទេសចិន អូប៉េរ៉ាប៉េកាំង បើមិនទិញសំបុត្រ ១ឆ្នាំមុនទេ ចូលមើលមិនបានទេ។ សំបុត្រមួយសន្លឹកមិនថោកទេ ៥០០ដុល្លារយ៉ាងតិច។ អូប៉េរ៉ាប៉េកាំង គេចាត់ជាបេតិកភណ្ឌមនុស្សជាតិ។ ស្មានតែចិនហ្នឹងគេអត់មានស្មាតហ្វូន? គេមើលស្មាតហ្វូនដូចតែគ្នា។ ហេតុអ្វីបានជាប្រជាជន ហេតុអ្វីបានជាអ្នកទេសចរណ៍ នៅតែប្រឹងទិញសំបុត្រ នៅតែចង់ទៅមើលល្ខោនអូប៉េរ៉ាប៉េកាំង យ៉ាងហោចណាស់ឲ្យបានម្តង? នេះដោយសារតែភាពល្បីល្បាញ»

លោកស្រី ភឿង សកុណា បានរំលឹកដែរថា សម្រាប់កម្ពុជាវិញ នៅសម័យអតីតកាលល្ខោនបាសាក់រីកចម្រើនខ្លាំងណាស់ ហើយប្រជាជនដាក់កន្ទេល និងភួយ ទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ ការសម្តែងល្ខោនបាសាក់មួយរឿងៗ ចំណាយពេលជាច្រើនយប់ ហើយមហាជនតាមដានទស្សនាមិនដាច់ឡើយ។ លោកស្រីបន្ថែមថា នៅក្រោយឆ្នាំ១៩៧៩ ល្ខោនបាសាក់ ក៏មានសកម្មភាពសម្តែងច្រើនដែរ តែបច្ចុប្បន្នធ្លាក់ចុះវិញ ដោយសារតែខ្វះការគាំទ្រ ធនធានមនុស្ស និងបញ្ហាមួយចំនួនទៀត។

លោកស្រីយល់ថា ការរីកចម្រើនៃស្មាតហ្វូន មិនមែនជាមូលហេតុដែលធ្វើឲ្យល្ខោនបាសាក់ធ្លាក់ចុះទេ តែមកពីគ្មានសន្ទុះនៃការគាំទ្រតែម្តង ព្រោះនៅប្រទេសចិន បើទោះជាប្រជាជនមានស្មានហ្វូនប្រើច្រើន ក៏សន្ទុះនៃការគាំទ្រល្ខោនអូប៉េរ៉ាប៉េកាំង នៅតែមានសកម្មភាពផុលផុស។

«យើងខ្វះខាតធនធានមនុស្ស យើងខ្វះខាតសម្ភារៈ ឧបករណ៍ផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធ»។ នេះបើតាមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌។

លោកស្រី ភឿង សកុណា បានចាត់ទុកថា មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» គឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងថា គោលបំណងសំខាន់ នៃការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស គឺដើម្បីចូលរួមថែរក្សា លើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សម្តៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ។ ជាពិសេស គាំទ្រ និងលើកទឹកចិត្តដល់សិល្បករល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុល ឡើងវិញ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពី ទម្រង់ល្ខោនបាសាក់៕