(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ មានគម្រោងវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន ៣០៧គម្រោង និងមានផ្ទៃដី២,៦៧០ហិកតា ត្រូវបានក្រសួងបរិស្ថាន អនុញ្ញាតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះកម្ពុជា។

ក្រោមក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» តាមរយៈហិរញ្ញប្បទានឥណទានពីធនាការពិភពលោក ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំប្រកាសសំខាន់ៗចំនួន៣ រួមមានទី១៖ ប្រកាសស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយរៀបចំកិច្ចសន្យាប្រើប្រាស់ទីតាំងដីក្នុងរយៈពេលមិនលើសពី១៥ឆ្នាំ, ទី២៖ ប្រកាសស្តីពី គោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតធំ ដោយរៀបចំកិច្ចសន្យាជួលទីតាំងដីក្នុងរយៈពេលមិនលើសពី៥០ឆ្នាំ និង៣៖ ប្រកាសស្តីពីការរៀបចំ និងផ្តល់សេវាកម្មសហគមន៍ទេសចរណ៍ធម្មជាតិស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ដើម្បីជំរុញសកម្មភាពនេះ ឱ្យទទួលបានជោគជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ មានគោលបំណងផ្តល់ការណែនាំ បង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ម្ចាស់សំណើ និងម្ចាស់គម្រោងអំពីនីតិវិធី និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ និងកំណត់វិសាលភាពនៃការអនុវត្តលើគម្រោងដែលមានទំហំដីមិនលើសពី១០ហិកតា ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។

បើតាមលោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននិងកំពុងបន្តការធ្វើទំនើបកម្ម ស្ថាប័ន កែសម្រួល របៀប របបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រង ហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្រ្តីរាជការ។ បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិង កំពុងយកចិត្តទុកយ៉ាងខ្លាំង ក្នុងបន្តការពង្រឹង ក្របខណ្ឌច្បាប់ក្នុងវិស័យ បរិស្ថាន ដោយបាននិងកំពុងជំរុញការងាររៀបចំកែសម្រួលនិងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា «ក្រមបរិស្ថាន និងធនធានធម្មជាតិ» រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។

ជាមួយគ្នានេះដែរ លោកបានបន្តថា ក្រសួងបរិស្ថានក៏បាន និងកំពុងរៀបចំសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុភាពបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការងារអប់រំបរិស្ថាន ដែលក្នុងនោះមានយុទ្ធសាស្រ្ត និងផែនការ សកម្មភាព បរិស្ថានជាតិ ២០១៦-២០២៣ (NESAP) និងផែនការជាតិគ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៦-២០៣០ (NPASMP) និងការដាក់បញ្ចូលគោលដៅ គោលបំណង និងសកម្មភាពពាកព័ន្ធវិស័យបរិស្ថានទៅក្នុងដំណើរ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG)។

រាជរដ្ឋាភិបាលក៏បានអនុម័តដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានដូចជាទី១៖ ផែនទីចង្អុលបង្ហាញ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩ និងទី២៖ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។ ក្នុងក្របខណ្ឌថ្នាក់ខេត្ត រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ «នូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥» គ្រោងនឹងអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២២-២០៣៥ នាពេលឆាប់ខាងមុខនេះ៕