(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ ទទួលអំណោយសប្បុរសធម៌ពីព្រះគ្រូ ព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរគណៈ ខេត្តកំពង់ធំ ព្រះអនុគណស្ដីទីស្រុកស្ទោង និងព្រះគណៈសង្ឃព្រមទាំងមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្ត បានឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់រដ្ឋបាលស្រុក សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាត។

លោក សាយ គឹមឡម បានលើកឡើងថា «ពុទ្ធចក្រ និងអាណាចក្រជាដៃគូមនុស្សធម៌មិនអាចកាត់ថ្លៃបាន» ហើយលោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ព្រះគ្រូព្រះអនុគណស្រុក និងព្រះសង្ឃព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្ត និងលោកអាចារ្យគណៈកម្មការវត្តដែលបានឧបត្ថម្ភនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់រដ្ឋភិបាលស្រុកសម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាតក៏ដូចជាកំពុងរងគ្រោះដោយទឹកជំនន់។

លោកបានបន្ថែមថា អំណោយទាំងនេះ គឺជាការយកព្រះទ័យទុកដាក់របស់ព្រះគ្រូព្រះអនុគណស្រុក និងគណៈសង្ឃស្រុកជាមួយនឹងរដ្ឋបាលស្រុកក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាដៃគូក្នុងការ ជួយសង្គ្រោះក៏ដូចជាកិច្ចការមនុស្សធម៌ដ៏សំខាន់ចាំបាច់មិនអាចកាត់ផ្ដាច់បាន ហើយលោកនឹងយកអំណោយទាំងអសនេះទៅប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតពិត។

លោក សាយ គឹមឡម បានគោរពប្រគេនពរព្រះអង្គគ្រូព្រះអនុគណ និងព្រះមន្ត្រសង្ឃគ្រប់អង្គសូមមានព្រះសុខភាពល្អបរិបូណ៌គង់នៅជាសុខក្នុងភេទជាបព្វជិតបានដឹកនាំភិក្ខុសាមណេរប្រព្រឹត្តបដិបត្តិធម៌វិន័យគង់វង្សតទៅ៕