(ឧត្តរមានជ័យ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំឡើងវិញនូវពិធីបុណ្យអ៊ុំទូក នៅបឹងស្នោរ មុខសួនច្បារសាលាខេត្ត ដើម្បីនាំការកម្សាន្ត និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា។

ពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ។ ក្រៅតែពីការអ៊ុំទូកហើយនោះ នៅពេលរាត្រីក៏មានការប្រគំុំតន្ត្រីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ។ រយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋក្នុងខេត្ត និងមកពីបណ្តាខេត្តនានាយ៉ាងច្រើនកុះករ ចូលរួមលេងកម្សាន្តសប្បាយ។ ព័ត៌មានបញ្ជាក់ថា​ ពិធីបុណ្យរយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៤ម៉ឺននាក់។

ថ្លែងក្នុងពិធីបិទការប្រកួតអ៊ុំទូក នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានមកលេងកម្សាន្តក្នុងពិធីដ៏មហោឡារិកនោះ។

លោកអភិបាលខេត្ត បានគូសរំលេចថា ការជួបជុំ និងភាពសប្បាយរីករាយនេះ អាចធ្វើទៅបានដោយសារតែកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។ ជាពិសេសការចាក់ស្រោចវ៉ាក់សាំង ធ្វើឱ្យមានភាពសុាំទូទាំងផ្ទៃប្រទេស។

«ការយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យប្រទេសយើង បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់លើគ្រប់វិស័យ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋប្រកបមុខរបរកស៊ីជាធម្មតា និងមានជីវភាពធូរធា សំបូរសប្បាយ ឡើងវិញដោយមិនមានការបារម្ភនឹងវិបត្តិជំងឺកូវីដដូចមុននោះឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន កុសល្យ។

បើទោះបីជាយ៉ាងណា ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវបន្តនាំគ្នាទៅទទួលយកវ៉ាក់សាំងដូចជំរុញតាមពេលវេលាកំណត់។

លោក ប៉ែន កុសល្យ បានថ្លែងកោតសរសើរកីឡាករអ៊ុំទូកទាំងអស់ ដែលរយៈពេលពីរថ្ងៃនេះ បានបញ្ចេញអស់ថាមពល បង្ករការសប្បាយជូនប្រជាពលរដ្ឋ។ ជាពិសេសខំដណ្តើមយកពានរង្វាន់ជូនក្រុមរបស់ខ្លួនប្រកបដោយមោទនភាព។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឹកហាត់សម តទៅទៀត ឱ្យបានប្រសើរសម្រាប់ត្រៀមការប្រណាំងនៅឆ្នាំក្រោយៗទៀត។

លោកអភិបាលខេត្ត ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់ទូកដែលបានចូលរួមប្រកួតផងដែរ។ ក្នុងនោះទូកង ដែលទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកាចំនួន ៨លានរៀល, លេខ២ ទទួលបានពាន១ និងថវិកាចំនួន ៦លានរៀល និងលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល។ ដោយឡែក កីឡាករមិនបានជ័យជម្នះនោះ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀលផងដែរ៕