(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបានលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធ ស្រែស្រូវនិងផ្ទះប្រជាពលរដ្ឋជាង ៣,០០០គ្រួសារ ហើយត្រូវបានសប្បុរសជនជួយដល់ប្រជាពលរដ្ឋបានប្រមាណជិត ១,០០០គ្រួសារផងដែរ។

លោក ងួន រតនៈ បានថ្លែងអំណរគុណលោកអភិបាលស្រុកស្ទោង និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ដែលបានខិតខំគៀងគររកអំណោយសប្បុរសធម៌នានា មានស្បៀង និងមធ្យោបាយផ្សេងៗ ក្នុងការគ្រប់គ្រងទឹកជំនន់ នាពេលកន្លងមក ហើយអំណោយដែលត្រូវចែកជូននៅពេលនេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងធ្វើការចែកជូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណា ដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។

ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការលិចលង់ដោយសាទឹកជំនន់រស់នៅប្រមូលផ្ដុំ និងពិបាកធ្វើដំណើរគ្រួសារខ្លះមានការឈឺស្កាត់កម្រិតស្រាល ដោយបានផ្តល់នូវស្បៀង និងថ្នាំពេទ្យ សម្រាប់ចែកជូនបងប្អូននៅពេលនេះ។

ទន្ទឹមនឹងនោះ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ និងថ្នាំពេទ្យ៕