(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់បានឱ្យដឹងថា «ការបង្កើតមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២» បានបើកឱកាសឱ្យសិល្បករបញ្ចេញសមត្ថភាព ព្រមទាំងបានចូលរួមថែររក្សា ការពារ និងលើកស្ទួយសិល្បៈល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបាន។

ថ្លែងក្នុងកម្មវិធីបើក មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានមានប្រសាសន៍ថា «មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២» នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។ បន្ថែមអំពីនេះ លោកជំទាវជឿជាក់ថា នេះគឺជាវេទិកាមួយដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ។

លោកជំទាវមានមោទនភាព និងរីករាយជាពន់ពេកដោយឃើញនូវវត្តមាន របស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែង សមត្ថភាពរបស់ខ្លួនលើ៖ វិធីសាស្ត្រនៃការដឹកនាំរឿង សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នេះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបាន កោតសសើរ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងជិតស្និត និងឧបត្ថម្ភគាំទ្រកន្លងមក ដែលនេះគឺជាការចូលរួមយ៉ាងសកម្មដើម្បីជួយគាំទ្រ លើកស្ទួយវិស័យសិល្បៈទស្សនីយភាព ពិសេសល្ខោនបាសាក់ ឱ្យចាប់ផ្តើមមានសកម្មភាពឡើងវិញ។

សម្រាប់ជាទិសដៅការងារទៅមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេស ការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយនិងផ្តល់ ឱកាសដល់សហគមន៍យុវជនយុវនារី ដើម្បីចូលរួមថែរក្សាការពារ នូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូចពាក្យថា៖ «កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈកម្មការៀបចំមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២ បានរៀបចំប្រកាសជូនដំណឹង ស្តីពីការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស និងបើកទទួលពាក្យស្នើសុំប្រឡងនៅ ថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ និងបិទការទទួលពាក្យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។ លក្ខខណ្ឌប្រឡងគឺ ក្រុមល្ខោនបានសាក់នីមួយៗ ដែលមានបំណងចូលរួមប្រកួត ត្រូវថតជាវីដេអូសកម្មភាពសម្តែងល្ខោន បាសាក់របស់ក្រុមខ្លួន រយៈពេល១៥-៣០នាទី ដើម្បីផ្ញើជូនមកគណៈកម្មការរៀបចំមហោស្រព។

គណៈកម្មការរៀបចំមហោស្រព បានទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងសរុបចំនួន ១០ក្រុម មកពីបណ្តារាជធានី-ខេត្ត ដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ កែប និងបន្ទាយមានជ័យ។ មហោស្រពនេះធ្វើឡើងមាន ០២វគ្គ គឺវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។

បើតាមការបញ្ជាក់ពី លោក ឈាង ឆដាភ័ក្ត្រ ក្នុងវគ្គជម្រុះ ក្រុមល្ខោនបាសាក់ នីមួយៗមានសិទ្ធិក្នុងការបង្ហាញ សមត្ថភាពសម្តែងរបស់ក្រុមខ្លួនតាមរយៈវីដេអូ ហើយផ្ញើជូនគណៈ មេប្រយោគដើម្បីវាយតម្លៃ។ «អនុគណៈកម្មការមេប្រយោគ បានពិនិត្យវាយតម្លៃប្រកបដោយស្មារតីទទួលខុសត្រូវសុក្រឹត្យ មិនលំអៀង និងបានជ្រើសរើសស្នាដៃចំនួន៥ក្រុម ដើម្បីចូលរួមក្នុង វគ្គ ផ្តាច់ព្រ័ត្រ។ក្រុមល្ខោនបាសាក់ចំនួន ៥ក្រុម ដែលបានជ្រើសរើសឲ្យចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ តម្រូវឱ្យចូលរួម ប្រកួតដោយផ្ទាល់ នៅរោងសំដែងនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ដោយសម្តែងលើ វិញ្ញាសារ “វប្បធម៌សន្តិភាព” ដើម្បីឲ្យក្រុមនីមួយៗប្រើប្រាស់នូវ សិល្ប៍វិធីក្នុងការតាក់តែងនិពន្ធរឿងសមត្ថភាពដឹកនាំរឿង និងសម្តែងរបស់ក្រុមខ្លួន ដើម្បីប្រជែងយកជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ»

សូមបញ្ជាក់ថា ល្ខោនបាសាក់ជាទម្រង់សិល្បៈទស្សនីយភាពរបាំធំមួយ មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងទស្សវត្សឆ្នាំ៨០ និង៩០ ដោយសាជំនាន់នោះមិនសូវ មានភាពរីកចម្រើននៃភាពយន្ត និងបច្ចេកវិទ្យានៅឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ល្ខោនបាសាក់ត្រូវបានគេមើលឃើញថា មិនសូវមានសកម្មភាពក្នុងការសម្តែងច្រើនទេ។

ពោលឃើញមានការសម្តែងខ្លះៗតាមស្រុកភូមិ និងកម្មវិធីបុណ្យធំៗ នៅតាមបណ្តារាជធានីខេត្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ការមិនសូវមានការសម្តែងនេះ ត្រូវបានគេមើលឃើញថា មកពីការសម្តែងល្ខោនបាសាក់នេះត្រូវការមនុស្សច្រើន និងសម្ភារៈតុបតែងឆាក ឬក៏រោងសម្តែងធំ ទើបមានភាពទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ដូច្នេះ ក្រុមអ្នកដឹកនាំវង្សល្ខោននេះ ត្រូវទារថ្លៃសម្តែងក៏ច្រើនតាមនោះដែរ ហេតុនេះហើយអ្នកដែលចង់បានក្រុមល្ខោនបាសាក់ ទៅសម្តែងម្តងៗ ក៏ត្រូវចំណាយច្រើនតាមនេះផងដែរ៕

(អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )