(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានស្នើដល់អភិបាលរងក្រុងស្វាយរៀង ដែលទើបប្រកាសតែងតាំងថ្មី ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុងឱ្យបានល្អ ពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងលោក ម៉ែន​ វិបុល​ អភិបាលខេត្ត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អញ្ជើញប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀងចំនួន២រូបរួមមាន៖ លោក​ ឃុន​ រតនា និងលោក​ ហេង​ សៅខេមរា​។

ពិធីនេះក៏មានការចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង៣ តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត ប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង។

បន្ថែមលើសពីនេះ លោក ប៉េង ពោធិ៍សា បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុងស្វាយរៀង ដែលទើបតែងតាំង និងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។

*ទី២៖ ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

*ទី៣៖ រដ្ឋបាលក្រុង ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ។

*ទី៤៖ រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាមសេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕