(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់ដំណែងលោក ហ៊ីង ភ័ព្វមិនា ជាអភិបាលថ្មីក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវ៉េន អភិបាលក្រុងចាស់ ដែលត្រូវឡើងកាន់តំណែងអភិបាលរងខេត្ត។

ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការអង្គភាពមន្ទីរនៅជុំវិញខេត្តក្រុងសរុបជាង៣០០នាក់។

ក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ថា ការប្រកាសចូលកាន់ដំណែងជាអភិបាលក្រុងថ្មីនៅពេលនេះ សំដៅធ្វើឱ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលក្រុង និងសង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការនៅក្នុង មូលដ្ឋាន ហើយក៏ជាការផ្តល់ឱកាសលើសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិតាមកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវគោលនយោ បាយភូមិឃុំមានសុវត្ថិភាព និងដោះស្រាយរាល់ទំនាស់ និងតម្រូវការចាំបាច់នានារបស់ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានដែលជាម្ចាស់ឆ្នោត។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងថ្មី ត្រូវខិតខំប្រឹងសហការជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន និងផ្នែកធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គីភាព តម្លាភាពរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភា ពលួចឆក់ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។

លោក ហ៊ីង ភ័ព្វមិនា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ទំនុកចិត្ត និងបានតែងតាំងលោកជាអភិបាលកំពង់ឆ្នាំង។

ឆ្លើយតបនឹងទំនុកចិត្តនេះ លោកអភិបាលក្រុងថ្មី បានធ្វើការប្តេជ្ញាចិត្តតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ដោយយកចិត្តទុកដាក់រអនុវត្តតួនាទីភារកិច្ច ខិតខំដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងរក្សាឲ្យបានសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរដើម្បីប ម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ធ្វើយ៉ាងណាឲ្យពួកគាត់គឺមានជំនឿនិងទំនុកចិត្តមកណាថ្នាក់ ដឹកនាំដើម្បីឱ្យពួកគាត់គាំទ្របន្តទៀតនូវការដឹក នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឈានទៅទទួលបានជ័យជំនះថែមទៀតក្នុងការ បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕