(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង ត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីភាពខ្លាំងរឹងមាំយូរអង្វែងរបស់គណបក្ស និងត្រូវរួមគ្នាដោះស្រាយនូវរាល់បញ្ហានានា ដែលកើតមានឡើង ដោយមិនត្រូវយកបញ្ហាមកធ្វើជាទំនាស់នាំឱ្យបែកបាក់សាមគ្គី តាមការញុះញង់ បំបែកបំបាក់ណាមួយរបស់ បុគ្គលឫក្រុមគណបក្សនយោបាយផ្សេងនោះទេ។

ការថ្លែងអំពាវនាវរបស់លោក អ៊ុក គឹមសាន បែបនេះក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ក្នុងភូមិតាំងត្រក ឃុំរបៀប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សស្រុក និងឃុំទាំង១២ ទូទាំងស្រុករវៀងជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះសមាជិក សមាជិកា បានចូលរួមលើកឡើងអំពីសំណូមពរ និងបញ្ហាប្រឈមនានា ដែលបានកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ដែលធ្លាប់បានជួបប្រទះក្នុងពេលកន្លងមក ជាពិសេសបញ្ហាតម្រូវការដែលប្រជាពលរដ្ឋលោកចង់បាន។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជា បញ្ហាប្រឈមរបស់ថ្នាក់ដឹកនាំឃុំភូមិ រួចមក លោក អ៊ុក គឹមសាន បានថ្លែងថា លោកនឹងលើកយកបញ្ហាទាំងអស់នេះ ទៅធ្វើការពិភាក្សាដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការចុះទៅជួយ តាមភូមិឃុំ ដែលកំពុងមានបញ្ហា។

លោកបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានយកចិត្តទុកដាក់ជាខ្លាំងដល់ជីវភាពរស់នៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ តែដោយសារបងប្អូនមួយចំនួនតូច គាត់មានចំណេះដឹងនៅមានកម្រិត ដែលនាំឲ្យចាញ់បោកនូវការឃោសនារបស់គេ។

អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំ ថ្នាក់ស្រុក ឃុំ ភូមិ រួមទាំងសមាជិកទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើការដោះស្រាយ ដោយលើកយកបញ្ហាទាំងអស់ទៅដាក់លើតុ ដើម្បីប្រជុំពិភាក្សា និងដោះស្រាយទៅតាមថ្នាក់ ហើយអ្វីដែលយើងដោះស្រាយនៅថ្នាក់មូលដ្ឋាន មិនបានទេ ត្រូវបញ្ជូនទៅស្រុក ហើយបន្តបញ្ជូនទៅខេត្ត បើស្រុកគ្មាន ដំណោះស្រាយហើយបើខេត្តគ្មានដំណោះស្រាយ ត្រូវបញ្ជូនទៅថ្នាក់កណ្តាលដើម្បីដោះស្រាយ ដោយមិនត្រូវ ទទួលយកបញ្ហារបស់ប្រជាពលរដ្ឋទៅទុកកប់ចោលនោះទេ។

ក្នុងឱកាសនោះលោក អ៊ុក គឹមសាន ក៏បានថ្លែងលើកឡើងអំពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ធ្វើឱ្យគណបក្សមានភាពរឹងមាំទាំងរចនាសម្ព័ន្ធ អង្គការចាត់តាំង អាគារទីតាំងធ្វើការ ហើយក៏មានភាពខ្លាំងទាំងធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ លោកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ដែលបានចូលរួមធ្វើការជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទូទាំងស្រុករវៀង ព្រមទាំងបានសន្យា នឹងខិតខំរួមជាមួយ សមាជិក ស្រុក ឃុំ ភូមិ អោយអស់ពីសមត្ថភាពដើម្បីដោះស្រាយ និងបង្កើនការងារដល់ប្រជាពលរដ្ឋតាមរយៈការស្វែងរកអ្នកវិនិយោគមកបណ្តាក់ទុន ជាពិសេសក្នុងវិស័យកសិកម្ម ដើម្បីឲ្យបងប្អូនមានការងារធ្វើ នឹងមានជីវភាពកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះ លោក អ៊ុក គឹមសាន ក៏បានផ្តល់ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមសរុបទាំងអស់២៥៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការ២ម៉ឺនរៀលផងដែរ៕