(រតនគិរី)៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុងស្រុកចំនួន៥ ដែលបានធ្វើឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញអភិបាលក្រុងស្រុកទាំង៥ រួមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៥។

ការងារចំនួន៥រួមមាន៖

*ទី១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ។
*ទី២៖ បន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ។
*ទី៣៖ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅថែរក្សាការពារឱ្យបានគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាប់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវពង្រឹង និងលើកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅ តាមតំបន់ព្រំដែន។
*ទី៤៖ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ របស់មន្ត្រីក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ រដ្ឋបាលក្រុង ស្រុកត្រូវជួយគាំទ្រឃុំ សង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញ ចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកស្នើសុំ និងទទួលសេវាស្របតាមសេចក្ដីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំសង្កាត់ មានតួអង្គស្នូលចំនួន៥ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១-មេឃុំ ចៅសង្កាត់ ២-ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ៤-មណ្ឌលសុខភាពនិង៥-មេភូមិ។
*ទី៥៖ ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលមានលក្ខណសម្បត្តិ ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាពថែម ទៀត ក្នុងភូមិសាស្ត្រក្រុងស្រុករបស់ខ្លួន។

មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃនេះរួមមាន៖

*ទី១៖ លោក កង សារឿន ពីអភិបាលស្រុកអណ្តូងមាស ទៅជាអភិបាលស្រុកបរកែវ
*ទី២៖ លោក ហេង ប៊ុន្នី ពីអភិបាលស្រុកបរកែវ ទៅជាអភិបាលស្រុកអូរយ៉ាដាវ
*ទី៣៖ លោក ធូ ឃឿ ពីអភិបាលស្រុកអូរជុំ ទៅជាអភិបាលក្រុងបានលុង
*ទី៤៖ លោក គៀង តុលា ជាអភិបាលស្រុកអូរជុំ
*ទី៥៖ លោក មាស សារ៉េត ជាអភិបាលស្រុកអណ្តូងមាស៕