(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសារសម្តេចពិបាកស្តាប់សំឡេងអ្នកបកប្រែជប៉ុន ទើបមិនបានឆ្លើយតបសំណើដ៏សំខាន់មួយ របស់នាយករដ្ឋមន្ត្រីជប៉ុន ដែលសុំឲ្យសម្តេចជួយគាំទ្រក្រុមហ៊ុនរបស់ជប៉ុន ដែលប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ និងការបង្កើតរោងចក្រផលិតរថយន្ត Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

សម្តេចតេជោ ហ៊ុន សែន ចាក់ទុកសំណើរបស់នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននេះ គឺជាអ្វីដែលកម្ពុជាត្រូវការចាំបាច់។

ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលជួបនាយករដ្ឋមន្ត្រី ខ្ញុំប្រឹងផ្ទៀងស្តាប់ណាស់ អ្នកបកប្រែពេលគាត់ពាក់ម៉ាស សម្លេងតិចៗ ពេលនោះនាយករដ្ឋមន្ត្រីជប៉ុនគាត់ថា ក្រុមហ៊ុនតូយ៉ូតា នឹងបង្កើតរោងចក្រមកផលិតរថយន្តនោះកម្ពុជា សុំឲ្យខ្ញុំគាំទ្រផង យើងអត់បានឆ្លើយត្រង់ចំណុចសំខាន់នេះ ដែលជាចំណុចដែលយើងចង់បានយូរហើយ បង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់ឧកញ៉ា គិត ម៉េង ដែលគ្រប់គ្រងឥឡូវ តែយើងអត់បានឆ្លើយជាមួយគាត់ ចំត្រង់ចំណុចដែលគាត់សុំឲ្យគាំទ្រអ្នកវិនិយោគជប៉ុន ក្នុងនោះមានការបង្កើតរោងចក្រផលិតរថយន្តតូយ៉ូតាដែរ»

សូមជម្រាបថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។

សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ៕