(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តប្រកាសលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ រឹបអូសទ្រព្យសម្បត្តិអ្នកណា ដែលមិនព្រមសងប្រាក់តាមការញុះញង់របស់ក្រុមឧទ្ទាមខុសច្បាប់។

ទោះយ៉ាងណា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏រំឮកឡើងវិញ ពីការទទួចសុំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថទាំងអស់យោគយល់ និងធ្វើការរៀបចំឥណទានឡើងវិញ ចំពោះកូនបំណុលដែលជំពាក់ធនាគារ ហើយអនុវត្តន៍បានត្រឹមត្រូវតាមកិច្ចសន្យាខ្ចីប្រាក់ កាលដែលកម្ពុជា កំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩។

ការប្រកាសលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ហើយក៏សូមផ្តាំទៅក្រុមដែលថា កុំសងធនាគារ ឬកុំសងមីក្រូហិរញ្ញវត្ថុ គឺជាមុខសញ្ញនៃការរឹបអូស ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ព្រោះអាហ្នឹងវាតាមបក្ស អ្នកឯងទៅខ្ចីលុយគេ មានកុងត្រាត្រឹមត្រូវ អីេឡូវអ្នកឯងចង់ធ្វើបដិវត្តន៍ ពីហ្នឹង និយាយគ្នាត្រង់ៗ លកមុនខ្ញុំព្រមានម្តងហើយស្ងាត់ ប៉ុន្តែ អីឡូវនេះគេដើរខ្សឹប ហើយអាមុខសញ្ញាដើរខ្សឹបគេដឹងមុខហើយ ជំពាក់គេប្រញាប់រកលុយសងប្រយ័ត្នគេរឹបអូស»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានអ្នកបេក្ខជនមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយចំនួនបានដើរខ្សឹបប្រាប់ដល់ប្រជាពលរដ្ឋថា នៅពេលដែលគណបក្សខ្លួនបានឈ្នះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារសងប្រាក់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។

សម្តេចតេជោ ក៏បង្ហាញពីការហួសចិត្តចំពោះការឃោសនាបែបនេះ ខណៈខ្លួនបានទៅខ្ចីប្រាក់ពីធនាគារ ដើម្បីទិញសម្ភារ ឬយកប្រើប្រាស់អ្វីផ្សេងៗ ប៉ុន្តែ បែរជាមានចេតនាអាក្រក់មិនព្រមសងប្រាក់ទៅម្ចាស់បំណុលវិញ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «យើងកំពុងតែអំពាវនាវអាហ្នឹង ស្រាប់តែមានចលនាបក្សនយោបាយ ដែលហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ពីខាងក្រៅថាកុំសងប្រាក់ អញ្ចឹងខ្ញុំប្រកាសតែម្តង មើលមុខអ្នកណាដែលចេញធ្វើអាហ្នឹង សូមលើកទឹកចិត្តឱ្យរឹបអូសតែម្តង បើដឹងថាអ្នកឯងតាមេក្លោងរបស់អ្នកឯងញុះញង់ ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស»

ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា នៅតាមបណ្តាប្រទេសនានា គឺធនាគារបានផ្តល់ប្រាក់កម្ចី ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោកកំពុងតែតម្លើងការប្រាក់បន្ថែម ប៉ុន្តែ សម្រាប់កម្ពុជាវិញ គឺរាជរដ្ឋាភិបាលបានខិតខំសុំអង្វរកដល់បណ្តាធនាគារនានា ឱ្យបន្ធូរបន្ថយការប្រាក់ដល់អតិថិជនទៅវិញ។

«ជើងខ្លាំងដែលធ្លាប់ដើរឃោសនា កុំសងធនាគារ ជាមុខសញ្ញាត្រូវរឹបអូស ដាក់ឱ្យរាងចាលមើល ទៅខ្ចីលុយគេ រួចហើយមិនចង់សងគេ អីក៏ខូចម៉េសអាខូចហ្នឹង គឺយើងត្រូវធ្វើវា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំឮកថា ចាប់តាំងពីថ្ងៃដែលសម្តេចបានប្រកាសលើកទឹកចិត្តដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិជនដែលស្តាប់តាមការញុះញង់របស់មេក្លោង គឺជាមុខសញ្ញា ត្រូវរឹបអូសទ្រព្យមុខគេ សកម្មភាពញុះញង់នេះបានស្ងាត់ទៅវិញ៕