(ភ្នំពេញ)៖ វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ស្រាបៀរលីអូ លើកទី៥​ Division B បានឈានមកដល់ថ្ងៃ​​ទី២​ហើយ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១រសៀលនេះ ដែលមានចំនួន៤គូ គឺគូទី១-Aqua Family Resort ប្រកួតជាមួយយុវជនភ្នំពេញថ្មី, គូទី២-កងពលតូចអន្ដរាគមន៍លេខ៧ ប្រកួតជាមួយមន្ទីរ​អប់រំយុវជន និងកីឡាខេត្ដប៉ៃលិន, គូទី៣-ខ្មែរសាមគ្គីខេត្ដកំពង់ចាម ប្រកួតជាមួយ យុវជនបាត់ដំបង រួមនិងគូទី៤-រវាងកងពលតូចលេខ៣១ ការពារកោះឆ្នេរ ប្រកួតជាមួយ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ជាលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃនេះ គឺក្រុមទី១- Aqua Family Resort​ ៣-២ យុវជនភ្នំពេញថ្មី (១៦-២៥,២៣-១៩,១៤-២៥,២៥-២៣,១៥-១១), គូទី២-កងពលតូចអន្តរាគមន៍លេខ៧ ៣-០ ខេត្តប៉ៃលិន (២៥-១២,២៥-១៧,២៥-២១), គូទី៣-ខ្មែរសាមគ្គីកំពង់ចាម ៣-១ យុវជនបាត់ដំបង (២៥-១៤,២៥-១៦,១៨-២៥,២៥-២៣) និងគូទី៤- កងពលតូចលេខ៣១ការពារកោះឆ្នេរ ៣-១ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (២៥-២១,២៣-២៥,៣២-៣០,២៥-២១)។

ការប្រកួត​កីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball ២០១៦) វគ្គផ្តាច់ព្រ័ត្រ មានចំនួន៥គូ នៃ Division B នេះ គឺពូល A ចំនួន​៥ក្រុមៈ កងពលតូចលេខ៣១ ការពារកោះឆ្នេរ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, យុវជនបាត់ដំបង, យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងក្រុមខ្មែរសាមគ្គីខេត្ដកំពង់ចាម។ រីឯពូលB មាន៥ក្រុមៈ Aqua Family Resort, កងពលតូចអន្ដរាគមន៍លេខ៧, មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន, យុវជនភ្នំពេញថ្មី និងស្នងការនគរបាលខេត្ដកំពង់ចាម។

គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួត របស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ​ដើម្បីមានឱកា​សឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូ​ជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវ​ការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ​ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ​ដើម្បីបន្តការ​បណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។

កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិ របស់ស្រាបៀរ លីអូ ឆ្នាំ២០១៦ ដែលចាប់ផ្តើម វគ្គជម្រុះ ប្រកួតនៅថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា នៅខេត្តសៀមរាប ដែលបានជ្រើសរើសក្រុមខ្លាំងទាំងដប់ មកពីតំបន់ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដំណ្តើមជើងឯករបស់ Division B ដែលពេលនេះកំពុងតែប្រកួតផ្ដាច់ព្រ័ត្រនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា៕