(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌, អគ្គរាជទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា លោក William A. Heidt បានបង្ហាញអំពីកង្វល់ចំពោះបញ្ហានយោបាយនៅកម្ពុជា ហើយស្នើឱ្យកម្ពុជាអនុវត្តដំណើរការឱ្យស្របតាមនីតិវិធីច្បាប់ចំពោះករណី លោក កឹម សុខា។ លោកបន្ដថា ក្នុងនាមលោកជាអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា លោកមិនបានកាន់ជើងខាងគណបក្សប្រឆាំង ឬក៏ខាងរដ្ឋាភិបាលនោះទេ ប៉ុន្ដែលោកគ្រាន់តែ មានការបារម្ភពីបញ្ហានយោបាយនៅកម្ពុជាតែប៉ុណ្ណោះ។

លោក William A. Heidt លើកឡើងនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួងយុត្តិធម៌ក្នុងនោះដែរ លោករដ្ឋមន្ដ្រី ក៏បានពន្យល់ពីទិដ្ឋភាពច្បាប់ និងដំណើរការនៃការអនុវត្តច្បាប់នៅកម្ពុជា ទៅកាន់លោកអគ្គរាជទូតអាមេរិក ផងដែរ។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាង អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ជារកម្ម ដែលអាចពាក់ព័ន្ធនឹង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេច មិនចូលខ្លួននេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភា ក្រោមសំឡេងភាគច្រើនដាច់ខាត បានបោះឆ្នោតគាំទ្រឱ្យតុលាការបន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះបានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សី នៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុ សមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕