(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យសកម្មជន​ដីធ្លីទាំង៧នាក់ ដែលស្លៀកពាក់ខ្មៅ ស្រែកទាមទារ​ឲ្យមានការដោះ​លែង អ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះ ត្រឡប់ទៅវិញហើយ ក្រោយធ្វើកិច្ចសន្យារួចមក។ មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា «នៅម៉ោង៦នេះ ខាងគណៈបញ្ជាការឯកភាព បានឲ្យពួក​គាត់​ត្រឡប់វិញហើយ ក្រោយពីបានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពទៅថ្ងៃមុខទៀត ហើយលោកអធិការក៏បានសូត្រច្បាប់ នៅចំពោះមុខពួកគេផងដែរ ដើម្បីឲ្យដឹងថា ការធ្វើបែបនេះ​នឹង​ប្រឈមទោស​ទណ្ឌអ្វីខ្លះ»

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនក្រុមសកម្មជនដីធ្លីចំនួន៧នាក់ (ស្រ្តីទាំងអស់) ដែលពួកគេស្លៀកពាក់​ពណ៌ខ្មៅ​ហើយលើកបដាស្រែកតវ៉ា នៅមុខពន្ធនាគារព្រៃស ដើម្បីចង់ឲ្យមានការដោះលែងមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ទាំង៥នាក់ ដែលកំពុងជាប់ឃុំឃាំង។ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៧នាក់​រួមមាន៖ ទី១-ឈ្មោះ អ៊ីម ស្រីទូច ភេទស្រី អាយុ៤៤ឆ្នាំ (ថ្មគោល) ទី២-ឈ្មោះ ជុំ ង៉ាន់ ភេទស្រី អាយុ ៤៥ឆ្នាំ (បុរីកីឡា)ទី៣-ឈ្មោះ ច្រាយ នីម ភេទស្រី អាយុ៣៨ឆ្នាំ (ថ្មគោល) ទី៤-ឈ្មោះ ង៉ូវ ណារី ភេទស្រី អាយុ៥៦ឆ្នាំ (បុរីកីឡា) ទី៥-ឈ្មោះ ហុីម ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ (ភ្នំពេញថ្មី) ទី៦-ឈ្មោះ សោម សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ (បុរីកីឡា) និង៧-ឈ្មោះ ជិន ស្រុីន ភេទស្រី អាយុ៦៨ឆ្នាំ (បុរីកីឡា)។

សូមបញ្ជាក់ថា ក្រុមសកម្មជនដីធ្លីទាំងនេះ បានយកថ្ងៃចន្ទ សម្រាប់ស្លៀកពាក់ខ្មៅក្នុងយុទ្ឋនាការ «ថ្ងៃចន្ទអាវខ្មៅ» ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរាស្ត្រ និងសកម្មជនបក្ស​ប្រឆាំងនិងក្រុម​សង្គមស៊ីវិល ពិសេសមន្ត្រីអង្គការអាដហុកនិង គ.ជ.ប៕