(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៤៧គ្រួសារ មានសមាជិក២៨៥នាក់រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគទីលានវាយកូនហ្គោល​បាននាំគ្នា​ដាក់​ពាក្យ​បណ្ដឹងចូលទៅលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីសុំអោយលោក ជួយរកយុត្តិធម៌​អោយ បន្ទាប់ពីក្រុមហ៊ុនវាយ​កូនហ្គោលនេះ​បាន​រំលោភបំពាន​យកដីរបស់ពួកគាត់ជាង១៦ហិកតាអស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង​ជាបន្តបន្ទាប់ទៅតាម​ស្ថាប័នមានសមត្ថកិច្ច​មួយចំនួនតែនៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែល​បានដាក់ចូលទៅក្រសួង​រៀបចំដែន​ដីកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ​បានស្នើសុំអោយ​លោកទេសរដ្ឋ​មន្ត្រីជា សុផារ៉ា ជួយអន្តរាគមន៍​ហាមឃាត់ការ​សាងសង់ ការចុះបញ្ជីដីធ្លី និងមានចំណាត់ការគាំទ្រដោះស្រាយឡើងវិញជាបន្តលើពាក្យបណ្ដឹងដែលក្រុមហ៊ុនវិនិយោគទីលានវាយកូនហ្គោល​រំលោភយកដីអាស្រ័យផលរបស់ពួកគាត់ ដែលមានទំហ៊ំ១៦,២៩៦៨ហិកតាស្ថិត​នៅក្នុងភូមិ ឃុំពួកគាត់​រស់នៅសព្វថ្ងៃ ព្រោះកន្លងមកទោះបីជាពួកគាត់បានប្ដឹងទៅតាមស្ថាប័នផ្សេងៗរហូតដល់សម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល​ចំណារអន្តរាគមន៍​អោយស្ថាប័នមានសមត្ថកិច្ច​ធ្វើការដោះស្រាយ​ជូនប្រជាពលរដ្ឋយ៉ាងណាក៏​ក្រុមហ៊ុនមួយនេះមិនគោរព និងអនុវត្តតាមដែរ។ ដូច្នេះពួកគាត់សង្ឃឹម​ជាលើកចុងក្រោយទៅលើ​លោករដ្ឋ​មន្ត្រីដែលបានប្រកាសបញ្ចេញ​កណ្ដាប់ដៃដែកទៅលើអ្នកធំ ឈ្មួញ ឧកញ៉ា ទាំងឡើយណាដែលនៅតែបន្តរំលោភ​បំពាន​យកដីប្រជាពលរដ្ឋ​តទៅទៀតគឺ​លោកមិនលើក​លែងអោយឡើយ។

សូមបញ្ជាក់ថា អ្នកភូមិដែលមានទំនាស់ដីធ្លីដោយសារក្រុមហ៊ុនវាយកូនហ្គោល ធ្វើការឈូសឆាយ និងសាងសង់ សំណង់នានា បំពានមកលើដីពួកគាត់ដែលមានទំហំជាង ១៦ហិកតានោះ បានរៀបរាប់​ថា ដីទំនាស់ ខាងលើដើមឡើយមានទំហំជាង ៣០ហិកតា ជាប្រភេទដីធ្វើស្រែប្រាំងទំនាបបឹង ដែលគ្រប់​គ្រងដោយ ប្រជាពល​រដ្ឋចំនួន ៣២គ្រួសារ នៅអំឡុងឆ្នាំ១៩៩១ ។ លុះក្រោយមក​ដោយសារ​ពិបាកធ្វើដំណើរទៅធ្វើស្រែ និងដេកចាំ ណាមួយការប្រែប្រួល របស់ធម្មជាតិធ្វើមិនសូវបានផល ម្ចាស់ស្រែក៏បានផ្អាកធ្វើមួយរយៈ នៅអំឡុងឆ្នាំ២០០៥ ។ ពេលឃើញអ្នកភូមិព្រែកថ្មីផ្អាកធ្វើ អ្នកភូមិព្រែក​ធំ ឃុំក្បាលកោះ ដែលមានព្រំប្រទល់ជាប់គ្នាក៏ចូលមកធ្វើបន្ត ហើយអ្នកភូមិព្រែកថ្មី  ដោយខ្លាចបាត់បង់ដី​របស់ខ្លួនទៅថ្ងៃក្រោយ ក៏បានឲ្យអាជ្ញាធរភូមិ​ដែលជាអ្នកបែងចែក​ដីកន្លងមកធ្វើលិខិត​បញ្ជាក់​ទុកជាភស្តុតាង ។ ​នៅឆ្នាំ២០០៧ នៅពេលមានឈ្មួញចុះប្រមូលទិញដី​នៅតំបន់នោះម្ចាស់ដី៣២គ្រួសារ​ក៏បានស្នើទៅចៅសង្កាត់​ព្រែកថ្មី ចេញលិខិតបញ្ជាក់កម្មសិទ្ធិដីឲ្យពួកគាត់  និងបន្ទាប់​ពីអាជ្ញាធរ​ចុះ​​ស្រាវជ្រាវរួចមក ក៏បានចេញលិខិតបញ្ជាក់ឲ្យពួកគាត់ តែខណៈនោះមានអ្នកភូមិព្រែកថ្មី ចំនួន១០៣គ្រួសារទៀត ដែលមានដីស្រែប្រាំង នៅពីលើដីរបស់​ប្រជាពលរដ្ឋ៣២​គ្រួសារ ក៏ចេញមុខប្ដឹង​ទាមទារយក​ចំណែកដី ជាង ៣០ហិកតានេះដែរ។ ក្រោយមានការប្ដឹងផ្ដល់ អាជ្ញាធរក៏ចេញមុខធ្វើការ សម្របសម្រួល ដោះ ស្រាយដោយចុងក្រោយភាគី​ទាំងពីរក៏ឯកភា​ពគ្នាដោយភាគី១០៣គ្រួសារ​ទទួលបានចំណែកដី៦០% ស្មើ១៨ហិកតាភាគី៣២គ្រួសារ​ទទួលបាន៤០% ស្មើនឹងចំនួនផ្ទៃដី ១២ហិកតាមានអាជ្ញាធរដឹងឮត្រឹមត្រូវ។

ជាក់ស្ដែងពាក់ព័ន្ធដីទំនាស់ខាងលើនេះកន្លងមក មន្ត្រីអាជ្ញាធរមូលដ្ឋានរួមទាំងអតីតមន្ត្រីភូមិ ឃុំតាំងពីសម័យក្រោយឆ្នាំ១៩៧៩ដែលនៅរស់ដល់សព្វថ្ងៃរួមទាំងមន្ត្រីដែលធ្លាប់ចែក​ដីទំនាស់ខាង​លើអោយ​ប្រជាពលរដ្ឋសុទ្ធតែ​ចេញមុខធ្វើសាក្សីបំភ្លឺ​ថាដីខាងលើនេះជាដី​របស់ប្រជាពលរដ្ឋ​ពិតប្រាកដថែម​ទៀតផង។ក្នុងនោះសូម្បីតែអតីត​អភិបាល​ស្រុកកៀនស្វាយ​សម័យមុនរួមមានលោកកុល សំអុស លោកហេង ធៀម លោកស្រីសុភ័គ្គ ថារី អនុប្រធានគណៈ​ពង្រឹងមូលដ្ឋាន​ខេត្តកណ្ដាល សុទ្ធតែមានការដឹងឮធ្លាប់ចុះទៅកា​ន់​ទីតាំងដីទំនាស់ធ្វើការវាស់វែង​ដោះស្រាយជូនប្រជាពលរដ្ឋ​ដោយ​ផ្ទាល់និងបានធ្វើរបាយការណ៏ រាយការណ៍ជូនទៅ ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចតេជោហ៊ុន សែន ធ្លាប់ចារអោយក្រុមហ៊ុនធ្វើ​ការវិនិយោគតែលើទីតាំង​ដីគ្មានទំនាស់ទៀតផង។ប៉ុន្តែក្រុម​ហ៊ុន​មួយនេះដែលអាងខ្នង និងបក្ខពួកបានបំពានលើចំណាររបស់​ប្រមុខរាជរដ្ឋាភិបាលធ្វើ​សកម្មភាពប្រើប្រាស់គ្រឿង​ចក្រឈូសឆាយ សាងសង់សំណង់ផ្សេងៗនៅលើដីទំនាស់នេះជាបន្តបន្ទាប់​ ដោយ​មិនខ្លាចញញើតច្បាប់អ្វីឡើយ៕