(ភ្នំពេញ)៖ ដោយមានការឯកភាពពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបំប៉នជំនាញស្ដីពី «បទល្មើសកម្មសិទ្ធិបញ្ញា និងនីតិវិធីស៉ើបអង្កេតប្រឆាំងការសម្អាតប្រាក់» ដោយសហការជាមួយក្រុមហ៊ុន ថាយលីគី និងហ្គីបប៊ីន»

ពិធីបើកវគ្គបំប៉នជំនាញនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ ជូនដល់មន្រ្តីអនុវត្តច្បាប់ក្នុងដែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានសិក្ខាកាមចូលរួមចំនួន១០៣នាក់ អញ្ជើញមកពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងស្នងការនគរបាលរាជធានី-ខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន វគ្គបំប៉នជំនាញនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពជំនាញដល់មន្ដ្រីអនុវត្តច្បាប់ដែលជាកត្តាចំបង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពរបស់នាយកដ្ឋាន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានគូសបញ្ជាក់ និងសង្កត់ឲ្យមន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់លើបទល្មើស រួមមាន៖

*ទី១៖ បទល្មើសទំនិញរត់ពន្ធ និងគេចពន្ធគ្រប់ប្រភេទ
*ទី២៖ បទល្មើសធនធានធម្មជាតិ រ៉ែមាស, ត្បូង និងធ្យូថ្ម
*ទី៣៖ បទល្មើសជលផល
*ទី៤៖ បទល្មើសទំនិញខូចគុណភាព និងមានសារធាតុគីមី
*ទី៥៖ បទល្មើសឱសថខូចគុណភាព និងខុសច្បាប់
*ទី៦៖ បទល្មើសសម្អាតប្រាក់ជាដើម។

បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាមពន្យល់ ហើយធ្វើការឲ្យបានផុសផុល សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ ដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក សម្រាប់ជាប្រយោជន៍ដល់ការអនុវត្តជាក់ស្តែង។ លោកសង្ឃឹមយ៉ាងមុតមាំថា ពេលត្រឡប់ទៅអង្គភាពវិញ កងកម្លាំងក្នុងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងបន្តខិតខំប្រឹងប្រែងក្នុងបេសកម្មរបស់ខ្លួន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅភារកិច្ចការងាររបស់អង្គភាពខ្លួននីមួយៗ៕