(ភ្នំពេញ)៖ ពីលើវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្ដបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យដូចភ្លៀងរលឹម កុំចាំបាច់នាយករដ្ឋមន្ដ្រី ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបញ្ជាបាននាំគ្នាធ្វើ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បទល្មើសល្បែងស៉ីសងខុសច្បាប់ទាំងអស់នោះ គឺពាក់ព័ន្ធជាមួយបញ្ហាភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុវត្តជាច្រើនឆ្នាំមកហើយ ដូច្នេះបញ្ហាស្ថិតនៅត្រង់ថា តើមន្ដ្រីអ្នកអនុវត្តច្បាប់ធ្វើ ឬមិនធ្វើ ខណៈមួយរយៈពេលចុងក្រោយនេះ បទល្មើសល្បែងស៉ីសងកើតឡើងច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយបញ្ហាភូមិឃុំមានសុវត្ថិភាព ដែលយើងបានដាក់ឲ្យអនុវត្តច្រើនឆ្នាំហើយ កន្លែងល្បែងស៉ីសងវាមិនដែលកើតនៅលើមេឃទេ គឺកើតនៅលើដី ហើយដីនោះនៅតាមភូមិ ឃុំ ស្រុក ខេត្តនោះឯង បញ្ហាស្ថិតនៅត្រង់យើងធ្វើឬមិនធ្វើ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា កុំចាំបាច់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមហាផ្ទៃស្រែក ចាំធ្វើនាំគ្នាធ្វើឲ្យដូចភ្លៀងរលឹមទៅ»

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបង្ហើបថា ដើម្បីបង្ក្រាបបទល្មើសល្បែងស៉ីសងនេះ សម្ដេចត្រូវចុះហត្ថលេខាបង្កើតគណៈកម្មការអន្ដរក្រសួង ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយបន្ថែមពីគណៈកម្មការអន្ដរក្រសួងនេះ សម្ដេចបានចេញសារសំឡេងបញ្ជាដោយផ្ទាល់ថែមទៀតផង ដើម្បីធានាដល់ប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបង្ក្រាប។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បន្ទាប់ពីចេញសារសំឡេងបញ្ជាក្នុងតែមួយថ្ងៃ ខេត្តកណ្ដាល រកឃើញកន្លែងលួចបើកល្បែងស៉ីសង រហូតដល់ជាង៧០០កន្លែង និងនៅរាជធានីភ្នំពេញ បានរកឃើញជាង១,០០០កន្លែង។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានសម្ដែងនូវការហួសចិត្ត ដោយកន្លែងខ្លះជាហាងអង្គុយផឹកកាហ្វេ បែរប្រែក្លាយទៅជាកន្លែងភ្នាល់ល្បែងទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានទាញនូវការចាប់អារម្មណ៍មួយថា ដំណាក់កាលជំងឺកូវីដ១៩ បានក្លាយជាដំណាក់កាលរីកលូតលាស់នៃប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយល្បែងស៉ីសងមួយចំនួន ពួកគេប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីលេង ពិសេសលេងតាមប្រព័ន្ធអនឡាញតែម្ដង។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទូទាំងប្រទេស ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់នោះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ។ សម្រាប់រាជធានីភ្នំពេញ ក៏បានឈានដល់ការត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យធ្វើអាជីវកម្មបញ្ចាំដោយខុសច្បាប់ផងដែរ។

ទាំងល្បែងស៉ីសងខុសច្បាប់ និងទីតាំងបញ្ចាំខុសច្បាប់ ត្រូវបានគេសន្និដ្ឋានថា ជាមូលហេតុនាំឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងប្រទេសកម្ពុជា ដូច្នេះក្រោមបទបញ្ជារបស់នាយករដ្ឋមន្ដ្រី និងការបង្ក្រាបជាបន្ដបន្ទាប់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋបានបង្ហាញនូវក្ដីរំពឹងថា បញ្ហាទាំងអស់នេះ នឹងមិនកើតឡើងវិញទៀតនោះឡើយ៕