(កំពង់ឆ្នាំង)៖ ករណីផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលរងការលិចលង់ហើយ ត្រូវបានអាជ្ញាធរឃុំ ស្នើសុំឲ្យថ្នាក់លើជួយចុះពិនិត្យ មើលនិងជួយសង្គ្រោះពលរដ្ឋណាដែលផ្ទះរបស់ពួក គាត់លិចទាំងស្រុង តាមសភាពជាក់ស្ដែង។

ដោយឡែក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងសាខាកាកបាទក្រហមស្រុក និងខេត្ត សហការជាមួយក្រុមការងារឃុំផ្លូវទូកចុះសួរសុខទុក្ខ នឹងធ្វើការណែនាំដល់បងប្អូនប្រជា ពលរដ្ឋដែលផ្ទះរបស់ពួកគាត់រងការលិចលង់ចំនួន ៣ភូមិក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។

តាមការបញ្ជាក់របស់លោកអភិបាលស្រុក ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេខាងលើនេះ តាមការសរុបជាក់ស្ដែងគឺមានចំនួនរហូតដល់ ១៤៦ខ្នងផ្ទះ ដែលមានផ្ទះខ្លះលិច១ម៉ែត្រ២ម៉ែត្រ, លិចពាក់កណ្ដាលផ្ទះ, ផ្ទះពលរដ្ឋខ្លះទៀតលិចដល់ដំបូល។ នេះតាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារ។

ក្នុងចំណោមប្រជាពលរដ្ឋទាំង១៤០គ្រួសារ មាន៨២គ្រួសារបានស្នាក់នៅជាមួយបងប្អូន និងមានជាច្រើនគ្រួសារទៀត កំពុងស្នាក់នៅលើទូក និងពលរដ្ឋខ្លះទៀត រស់នៅលើធ្នើក្នុងផ្ទះរបស់ពួកគាត់។

លោកបន្តថា អាជ្ញាធរស្រុកសហការ ជាមួយអាជ្ញាធរឃុំបានត្រៀមទូកតូចធំៗជាច្រើនគ្រឿងរង់ចាំជួយសង្គ្រោះពួកគាត់មកកាន់ទីទួល​សុវត្ថិភាពនៅពេលដែលទឹកឡើងបន្ថែមទៀត។

លោកបញ្ជាក់ថា ថ្ងៃនេះទឹកហក់ឡើងប្រមាណជា៩ហ៊ុន ហើយនឹងអាចឡើងជាបន្តបន្ទាប់ទៀត អាស្រ័យទៅលើអាកាសធាតុតែទោះ ជាយ៉ាងនេះក៏ដោយ ក៏អាជ្ញាធរបានត្រៀមតង់កៅស៊ូ ស្បៀងអាហាររង់ចាំទទួលពួកគាត់នៅទីទួលសុវត្ថិភាពរួចជាស្រេចហើយដែរ។

លោកថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋមិនអាចបន្តរស់នៅលើធ្នើក្នុងផ្ទះរបស់ពួកគាត់ បានតទៅទៀតនោះ អាជ្ញាធរត្រូវតែដឹកជញ្ជូនពួកគាត់មកកាន់​ទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរ។

លោកអភិបាលស្រុក បានបន្ថែមទៀតថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការលិចលង់ទាំងអស់ខាងលើនេះ ភាគច្រើនគឺពួកគាត់បានបម្លាស់ទីពីផ្ទះ​បណ្តែតទឹក​ឡើងមករស់នៅលើគោក តាមការណែនាំរបស់អាជ្ញាធរខេត្ត តាំងពីឆ្នាំ២០១៧ និងម្យ៉ាងទៀត រយៈពេល២ទៅ៣ឆ្នាំកន្លងទៅនេះ ទឹកពុំធំដូចឆ្នាំនេះឡើយ។

ជាមួយគ្នានេះ ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក ក៏បាននាំយកអំណោយចែកជូនដល់ពលរដ្ឋ ដែលផ្ទះពួកគាត់រងការលិចលង់ទាំង១៤០គ្រួសារផងដែរ៕