(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ក្រុមតំណាង CNRP នឹងមិនចូលរួមក្នុងកិច្ចប្រជុំសភាពេញអង្គ ដើម្បីស្តាប់ការបំភ្លឺពី​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះទេ ដោយរង់ចាំស្ថានភាពនយោបាយ មានលក្ខណៈល្អប្រសើរជាមុនសិន។

ការបញ្ជាក់របស់សមាជិកក្រុមតំណាងរាស្រ្តមតិភាគតិចរបស់រដ្ឋសភា បានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា បានសម្រេចថា រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះដើម្បីឱ្យ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺអំពីការអនុវត្តច្បាប់ ដែលធ្វើតាមសំណើរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

លោក សុន ឆ័យ បានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតមួយកាលពីថ្ងៃសុក្រ ដើម្បីឱ្យរដ្ឋសភាផ្អាកក្នុងការរៀបចំឱ្យ លោក អង្គ វង្ស វឌ្ឍានា ចូលបំភ្លឺជាបណ្តោះ​អាសន្នសិន ដោយរង់ចាំឱ្យស្ថានភាពនយោបាយ មានភាពល្អប្រសើរជាងនេះ។

លោកថា «ខ្ញុំបានធ្វើសំណើកាលពីថ្ងៃសុក្រ ដើម្បីសុំឱ្យសម្តេចប្រធាន ផ្អាកការអញ្ជើញនេះសិន ហើយសុំដកសំណើនោះមកវិញ ខ្ញុំមិនដឹងហេតុអ្វីបាន ជាមានការបន្តសួរ លោករដ្ឋមន្រ្តី ព្រោះធម្មតាត្រូវ​តែសម្រេចលើម្ចាស់សំណួរ»។ លោកបន្ថែមថា «យើងបានផ្ញើលិខិតទៅសម្តេចរដ្ឋសភាហើយ គឺដោយសារស្ថានការណ៍នយោបាយ ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិ ពាក់ព័ន្ធនឹ​ង​អ្នក​​តំណាងរាស្រ្​តមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ គឺយើងចង់ឱ្យមានការដោះស្រាយបញ្ហាហ្នឹងសិន ដើម្បីធានាបរិយាកាសឱ្យយើង​បានបំពេញការងារបាន​ពេញលេញ»

លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើននៃរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកមិញថា បើសិនជាសមាជិករដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ ធ្វើពហិកា ដោយមិនព្រមចូលរួមប្រជុំរដ្ឋសភាពេញអង្គ នៅថ្ងៃ៩មិថុនាទេនោះ នឹងគ្មានសិទ្ធិសួរសំនួរបន្ថែមទៅ លោក អង្គ វង្ស វុឌ្ឍនា នោះទេ នេះជាច្បាប់។

លោក ឈាង វុន បានឱ្យដឹងថា «សំនួរមានរួចហើយ នៅពេលដែលសមាជិកគណបក្សសង្គ្រោះជាតិ ផ្ញើទៅក្រសួងយុត្តិធម៌ តែបើមានសំនួរដែលសួរទៅ លោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ទៀត គឺមានចេតនាចង់លាក់រឿងអាស្រូវរបស់លោក កឹម សុខា ទៅវិញទេ» ។ លោកបានបន្ថែមថា បើមានសំនួរ ដែលចង់សួរទៅរដ្ឋមន្រ្តីយុត្តិធម៌ ត្រូវដាក់ក្នុងលិខិតឱ្យបានច្បាស់លាស់ មិនអាចទៅសួរថែមនៅពេលក្រោយបានទៀតទេ ព្រោះសំនួរដែលមានក្នុងលិខិតប៉ុណ្ណា ឆ្លើយប៉ុណ្ណឹង ហើយលោករដ្ឋមន្រ្តី ត្រូវឆ្លើយជាលាយលក្ខណ៍អក្សរមករដ្ឋសភាវិញ តែនេះគាត់បានស្ម័គ្រចិត្ត ធ្វើការឆ្លើយបំភ្លឺផ្ទាល់មាត់តែម្ដង ហើយនេះគឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ការស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅសភានេះ បានធ្វើឡើងស្របពេលដែល មានការកោះហៅតំណាងរាស្រ្ត និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង។

តាមរយៈលិខិតដែលផ្ញើចេញពីរដ្ឋសភាទៅ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាដែលក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិចង់ឱ្យ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បំភ្លឺនោះ រួមមានទី១៖ គោលការណ៍ច្បាប់ និងគោលនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។ គោលការណ៍ និងការអនុវត្តជាក់ស្តែង អធិការកិច្ចការឃុំខ្លួន។ ទី២៖ ការប្តឹងបរិហារ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ទី៣៖ សំណួរផ្សេងៗមួយចំនួនទៀត៕