(ស្វាយរៀង)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភិរយា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកអំណោយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

អំណោយត្រូវបានលោក សេង ទៀង និងភរិយា នាំយកប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី នៅលំនៅដ្ឋានក្នុងភូមិអង្គស្វាយ ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមានថវិកា ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោម្សៅ ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

ទារកភ្លោះទាំងបីនាក់នេះ សុទ្ធសឹងជាកូនស្រីទាំង៣ មានឈ្មោះទី១៖ ប៊ែល ឡា ទី២៖ ប៊ែល លី និងទី៣ ណា ប៊ែល ហើយក៏ជាកូនលើកទី២ របស់គ្រួសារលោក ព្រំ វិចិត្រ និងអ្នកស្រី ស្រី ស៊ីណា អាយុ ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ។

ក្នុងឱកាសនោះ លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារទទួលបានកូនភ្លោះបីនេះ ដែលជាគ្រួសារកូនភ្លោះបី ទី៣៩០ ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក សេង ទៀត បានបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

ជំនួយការផ្ទាល់របស់សម្តេចតេជោ ក៏បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោល គឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន ៣៩០គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាក ការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះឡើយ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគូរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

ឪពុកម្តាយកូនភ្លោះបី គឺលោក ព្រំ វិចិត្រ និងអ្នកស្រី ស្រី ស៊ីណា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា និងគ្មានការរើសអើងអ្វីទាំងអស់៕