(ប៉េកាំង)៖ អាជ្ញាធរចិន បានបង្ហាញករណីដ៏គួរឲ្យកត់សម្គាល់ចំនួន០៨ ដែលត្រូវបានដោះស្រាយរួចរាល់ ជុំវិញការបង្ក្រាបបទល្មើសចែកចាយ និងប្រមូលផ្តុំរឿងអាសអាភាស តាមប្រព័ន្ធអនឡាញ ជាពិសេសគឺ រឿងសិចដែលនាំឲ្យប៉ះពាល់ដល់ក្មេងៗមិនទាន់គ្រប់អាយុ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។

ប្រទេសចិន ក៏មានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងការផលិត ឬចែកចាយរឿងអាសគ្រាមផងដែរ ដោយកាលពីខែកុម្ភៈ កន្លងទៅនេះបានចេញយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំង នឹងការផលិតភាពយន្ត ដែលនាំឲ្យប៉ះពាល់ដល់សង្គម។ កន្លងមកនេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ២៧នាក់នៅខេត្ត ហ្សេជាំង ដែលភាគច្រើនជាជនជាតិភាគតិច ដែលប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីប្រមូលផ្តុំគ្នាលក់រឿងសិច។ បណ្តាញរបស់ពួកគេ អាចមានគ្នាដល់ទៅជាង ៦០០នាក់ឯណោះក្នុងតំបន់។

ករណីផ្សេងៗទៀត ក៏មានការចែកចាយរឿងអាសអាភាស តាមរយៈការបញ្ចូលក្នុងម៉េម៉ូរីលក់ និង តាមទូរស័ព្ទជាដើម ដែលជារឿងលួចលាក់មួយក្នុងសង្គមចិន ជាពិសេសសិស្សសាលាក្មេងៗ ដែលមាន ទូរស័ព្ទទំនើបប្រើប្រាស់ ច្រើនតែលួចលាក់រឿងនេះទុកមើលកម្សាន្ត ហើយក៏ឈានដល់ការប្រឡូក សកម្មភាពផ្លូវភេទទាំងមិនទាន់គ្រប់អាយុ។ បន្ថែមពីនេះទៀត កន្លែងផលិត និងលក់សៀវភៅរឿងសិច ក៏ត្រូវបាន អាជ្ញាធរចុះបង្ក្រាប និងបិទផងដែរ៕