(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជាសាធារណ:នៅលើបណ្តាញសង្គម Facebook របស់ខ្លួនថា ខ្លួននឹងមិនអនុញ្ញាត​ឱ្យមានការរៃអង្គាសថវិកា​ ពីប្រជាពលរដ្ឋ ដើម្បីយកមកអភិវឌ្ឍ និងថែទាំផ្លូវ លូ ភ្លើងបំភ្លឺ សាធារណ:នានា តាមគ្រប់រូបភាព ចាប់ពីពេលនេះតទៅ។

ការប្រកាសនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំដើម្បី បន្តដោះស្រាយបញ្ហា ជួសជុលផ្លូវសំបុកមាន់ អណ្ដូងលូ គម្របលូ ស្តារប្រឡាយនានា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ា​ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានណែនាំ ដល់គ្រប់រដ្ឋបាលខណ្ឌទាំងអស់ ត្រូវសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីរៀបចំស្តារ និងជួសជុលអណ្ដូងលូ គម្របប្រឡាយ-លូ និងផ្លូវសំបុកមាន់ឲ្យបានទាន់ពេល មុនរដូវវស្សាមកដល់៕