(ពោធិ៍សាត់)៖​ បុរសម្នាក់​ មានទំនាស់ជាមួយសមាជិកក្នុងគ្រួសារបន្តិចបន្តួច​  រួកក៏ទៅ​ចង-ក បញ្ចប់ជីវិត​ ដោយមិនមាន​ការ​គិតគូរ​​ឲ្យ​បាន​វែងឆ្ងាយ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង​១២៖១០​នាទីរំលង​អាធ្រាត ឈានចូលថ្ងៃទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិបឹងវាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ​។​

លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុកក្រគរ​ ​បានប្រាប់ភ្នាក់ងារ​ Fresh ​News ឲ្យ​ដឹងថា បុរស​ដែល​ចង-ក ធ្វើអត្តឃាត​នេះមានឈ្មោះ ឈ​ ដារ៉ា​​ អាយុ​៥៦​ឆ្នាំ មាន​មុខរបរជាកសិករ រស់នៅ​ភូមិបឹងវាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ​មានប្រពន្ធឈ្មោះ​ ហូយ​ ចាន់កុសល​ អាយុ​ ៤៧ឆ្នាំ​ មានកូនក្នុងបន្ទុក​ ២នាក់​ ស្រី​១នាក់​ ប្រុស១នាក់​ ។​

លោក​អធិការ​បន្តថា មុនពេលកើតហេតុ​ បុរស​ដែលធ្វើអត្តឃាតខាងលើនេះ​បាន ​ទាស់ពាក្យទាស់សម្តីជាមួយក្រុម​គ្រួសារ​បន្តិចបន្តួច​ រួចដើរទៅចង-ក ភ្ជាប់​ទៅនឹង​ធ្នឹមរោង​ផ្ទះបាយ​ បណ្ដាល​ឲ្យ​ស្លាប់។

ក្រោយពី​ទទួលបាន​ដំណឹងភ្លាមៗ ​កម្លាំង​អធិការដ្ឋានស្រុក​​បាន​ចុះទៅដល់​​កន្លែង​កើតហេតុ និងបានធ្វើកោសល្យវិច្ច័យ​ពិនិត្យ​​សាកសព ហើយក៏ឃើញថា ​សពជនរងគ្រោះ​ពិត ជា​បាន​ចងកធ្វើអត្តឃាត​ដោយការចង-កពិតប្រាកដ​មែន មិនមែនជា ករណី​ឃាតកម្មអ្វីនោះឡើយ ។​

បច្ចុប្បន្ន​សព​ ​ត្រូវបានប្រគល់​ជូនក្រុមគ្រួសារ​ យកទៅធ្វើ​បុណ្យតាម​ប្រពៃណី​៕