(ឥណ្ឌូណេស៊ី)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី។

កិច្ចពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ថោង ខុន បានសម្ដែងការកោតសរសើរអបអរសាទរដល់ឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ និងមានលទ្ធផលខ្ពស់។

លោករដ្ឋមន្ត្រីក៏បានសម្ដែងអំណរគុណដល់ឥណ្ឌូណេស៊ីដោយផ្ទាល់សាជាថ្មីចំពោះការគាំទ្រដល់កម្ពុជាឲ្យលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២១ មកធ្វើនៅឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ដើមឆ្នាំកន្លងទៅ។ លោក ថោង ខុន ក៏បានបញ្ជាក់ការគាំទ្រ និងត្រៀមខ្លួនចូលរួមការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២៣ (ASEAN Tourism Forum 2023)។

លោករដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីបានកោតសរសើរដល់កម្ពុជាចំពោះលទ្ធផលជាច្រើនសម្រេចបាន ដោយវេទិកាទេសចរណ៍អាស៊ាន ២០២២ ក្រោមការដឹកនាំរបស់កម្ពុជា។

លោករដ្ឋមន្ត្រីឥណ្ឌូណេស៊ីក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងថ្លែងសុន្ទរកថាតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន ដោយបានបង្ហាញច្បាស់លាស់អំពីអាទិភាពនានារបស់អាស៊ានក្នុងការស្ដារនិងអភិវឌ្ឍទេសចរណ៍នាពេលអនាគត។ លោករដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរដល់កម្ពុជា ដែលបានបំពេញការងារបានយ៉ាងសកម្ម ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ក្នុងនោះរួមមាន៖

១. បង្កើតក្រុមការងាររួមដើម្បីអនុវត្តអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខានាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។

២. ជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម។

៣. ដោយកម្ពុជា និងឥណ្ឌូណេស៊ី ជាប្រទេសមានភាពជឿនលឿននាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរនឹងជំរុញឲ្យមានការចែករំលែកបទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។

៤. ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍនិងគ្រប់គ្រងតំបន់ឆ្នេរជាដើម។

៥. ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍តំបន់សៀមរាប។

ស្របតាមការអញ្ជើញរបស់រដ្ឋមន្ត្រី ថោង ខុន លោករដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីនឹងពិនិត្យរៀបចំការមកទស្សនានៅកម្ពុជា ជាពិសេសអំឡុងពេលនៃព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជា៕