(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ជាពិសេសខេត្តភាគពាយព្យប្រទេស បន្ទាប់ពីមានការជូនព័ត៌មានពាក់ព័ន្ធការបន្តទទួលរងឥទ្ធពលទឹកភ្លៀងនៅក្នុងខេត្តទាំងនោះ។

ខេត្តពាយព្យប្រទេសដូចជាឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ដែលកំពុងរងការជន់លិចក្នុងកម្រិតស្រាលដោយសារតែជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃផងនោះ អាចនឹងប្រឈមការជនលិចដោយបរិមាណទឹកភ្លៀង និងទឹកហូរធ្លាក់មកពីថៃបន្ថែមទៀតក្នុងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា បានឱ្យដឹងថា បណ្តាខេត្តពាយព្យប្រទេស មានដូចជា ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្យុះ និងសម្ពាធទាប។ ក្រសួងបញ្ជាក់ថា បណ្តាខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (I-lash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។

ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះ។ បន្ថែមពីលើគ្រប់កម្លាំងប្រតិបត្តិការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមលក្ខណៈសម្បត្តិឆ្លើយតបបន្ទាន់ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ។

«ក្រោមបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំទាំងអស់គ្នាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយទាំងកម្លាំងប្រតិបត្តិការ និងទីទួលសុវត្ថិភាព។ យើងខ្ញុំកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការវិវឌ្ឍចុងក្រោយលើសបាតុភាពធម្មជាតិ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវទៅដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមបណ្តាខេត្តប្រឈមនឹងការទទួលរងឥទ្ធិពលទឹកភ្លៀងនេះ ឱ្យត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង ចេញជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានការលិចធ្ងន់ធ្ងរ។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «លេខាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត ជាពិសេសនៅគ្រប់ខេត្តប្រឈមការជន់លិចទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំ និង២៤ម៉ោង លើ២៤ម៉ោង ក្នុងការចេញជួយប្រជាពលរដ្ឋ។ ត្រូវចងចាំប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី មិនត្រូវឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយអាជ្ញាធរមិនបានដឹងនោះឡើយ»

ទន្ទឹមនឹងការអំពាវនាវទៅកាន់អាជ្ញាធរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមការជន់លិច ឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងលើកដាក់ទ្រព្យសម្បត្តិទាំងឡាយនៅទីខ្ពស់បញ្ចៀសការលិចលង់។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់ទាក់ទងទៅអាជ្ញាធរជាបន្ទាន់នៅពេលផ្ទះសម្បែងខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀង។ ជាពិសេសត្រូវប្រយ័ត្នប្រយែងកូនចៅតូចៗមិនឱ្យលេងទឹក អាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។

ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងតែតាមដាន និងចុះត្រួតពិនិត្យជាប្រចាំនៅតាមតំបន់លិចលង់នោះ បានបញ្ជាក់ថា ស្ថានភាពលិចលង់រយៈពេលប៉ុន្មានថ្ងៃមិនទាន់ដល់កម្រិតធ្ងន់ធ្ងរខ្លាំងនៅឡើយទេ បើធៀបនឹងទឹកជំនន់កាលពីឆ្នាំ២០២០។ លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះឡើងស្រកៗ ដូច្នេះប្រជាពលរដ្ឋខ្លះអាចបន្តស្នាក់នៅលើផ្ទះ ខណៈខ្លះទៀត ក៏បានជម្លៀសមកកាន់ទីទួលសុវត្ថិភាពផងដែរ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឧបត្ថម្ភស្បៀងអាហារជូនពលរដ្ឋងាយរងគ្រោះប្រមាណ ៥០០គ្រួសារហើយនៅក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ បន្ថែមពីលើនោះ កាកបាទក្រហមកម្ពុជា ឃ្លាំងបម្រុងរបស់ជាតិ ក៏ដូចជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំស្បៀងអាហារជាបន្តបន្ទាប់ចែកជូនពលរដ្ឋងាយរងគ្រោះផងដែរ៕