(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលហោះប្រមាណ១៦ម៉ោង ពីរដ្ឋធានីហាវ៉ាណា ប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយនៅវេលាម៉ោង១៨៖៣០នាទី (ម៉ោងនៅតូក្យូ) នាព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ពីមន្ត្រីជាន់ខ្ពស់ជប៉ុន, ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន ព្រមទាំងមន្ត្រីកម្ពុជាបម្រើការងារនៅស្ថានទូតមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន នឹងស្នាក់នៅប្រទេសជប៉ុនពីរយប់ដើម្បីចូលរួមបុណ្យសពលោក អាបេ ស៊ីនហ្ស៊ូ អតីតនាយករដ្ឋមន្ត្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន។

លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោក អាបេ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។

លោក អាបេ ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

លោក អាបេ បានទទួលមរណភាពដោយខ្មាន់កាំភ្លើងបាញ់ប្រហារពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

មរណភាពរបស់លោក អាបេ បាននាំឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា សម្តែងការសោកស្តាយ និងសោកសៅជាទីបំផុត។

សម្ដេចតេជោ បានចាត់ទុកមរណភាព លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី១០ ខែកក្កដា កាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ដើម្បីបង្ហាញនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ៕