(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមបុណ្យភ្ជុំបិណ្ឌ នៅវត្តទេពនិម្មិត ក្នុងក្រុងស្ទឹងសែន និងវត្តចាន់ម៉ូលី ក្នុងស្រុកប្រាសាទសំបូរ ដើម្បីឧទ្ទិសកុសលដល់ឪពុកម្តាយ ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដានដែលបានលាចាកលោក។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋមានសេចក្តីរីករាយក្នុងការធ្វើបុណ្យដោយមានសទ្ឋាជ្រះថ្លា។

សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៤រោច ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជុំធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ដែលពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូន។

លោកស្រីបន្តថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនាដ៏សំខាន់របស់ព្រះពុទ្ធសាសនិកជនខ្មែរគ្រប់រូបហើយពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយមានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខនិងជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក។ ម្យ៉ាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្ដាយបងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នាអាចស្វែងយល់បានពីសុខទុក្ខ និងដំណើរការប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើតបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។

លោកស្រីជំរុញសូមឱ្យអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាមនិងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន និងចូលរួមគោរពច្បាប់ចរាចរណ៍ដោយមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក ។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី និងលោក ម៉ែន លី រួមទាំងក្រុមគ្រួសារបានផ្តល់ថវិកាដល់លោកយាយលោកតាមួយចំនួនផងដែរ៕