(សហរដ្ឋអាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា ការគំរាមកំហែង ដែលកើតមានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះ ចំពោះការប្រែប្រួលអាកាសធាតុ ដោយចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការ នៃការដោះស្រាយបញ្ហាអាកាសធាតុនាពេលនេះ ដោយមិនរង់ចាំថ្ងៃស្អែក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា)។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការគំរាមកំហែងដែលកើត មានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះរបស់យើង ចំពោះការប្រែប្រួលអាកាសធាតុ។ យើងចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការ នៃការដោះស្រាយបញ្ហា អាកាសធាតុនាពេលនេះ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល៥០ឆ្នាំមកហើយ ចាប់តាំងពីរដ្ឋាភិបាល ត្រូវបានទទួលការព្រមាន អំពីការផ្លាស់ប្តូរទម្រង់ផលិតកម្ម និងការប្រើប្រាស់របស់យើង ដើម្បីចៀសវាងគ្រោះមហន្តរាយនេះ។ ប៉ុន្តែជាអកុសលចាប់តាំងពីពេលនោះមក យើងឃើញតែការបាត់បង់ជីវចម្រុះកាន់តែច្រើន ការរិចរិលដីកាន់តែច្រើន និងការខ្វះខាតទឹកសាប កាន់តែកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សកម្មភាពរួមរបស់យើង ត្រូវតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការបញ្ចៀស ផលប៉ះពាល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ដែលមានភាពធន់នឹងអាកាសធាតុ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់យើង ចំពោះការទាញសីតុណ្ហភាពពិភពលោកឲ្យថយ១.៥អង្សាសេ ទាមទារការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែង បញ្ចៀស និងសម្របខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវតែអនុវត្តនូវលទ្ធផលនៃកិច្ចប្រជុំ នៅក្នុងទីក្រុង Glasgow ដែលបានអនុម័តនៅ COP ២៦ ដោយយកចិត្តទុកដាក់ជាបន្ទាន់ និងឈរលើគោលការណ៍រួម ប៉ុន្តែបែងចែកការទទួលខុសត្រូវ និងតាមសមត្ថភាពរៀងៗខ្លួន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំង លើគោលនយោបាយឌីជីថល ប្រកប ដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់ សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែក មួយមិនអាចខ្វះបាន ក្នុងការគាំទ្រ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕