(សហរដ្ឋអាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា អាចឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ចំពោះកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។

សម្ដេចតេជោបានលើកឡើងដូច្នេះថា៖ «ចំពោះកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យវិញ ការបោះឆ្នោតឃុំ-សង្កាត់ ដែលត្រូវបានរៀបចំឡើង កាលពីខែមិថុនាកន្លងទៅ អាចឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដោយសារជាង ៨០% នៃអ្នកចុះឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ប្រកបដោយភាពសរី យុត្តិធម៌ សន្តិភាព និងតម្លាភាព»

សម្ដេចបានបន្តទៀតថា ការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព នយោបាយ កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ បានជំរុញឱ្យមានការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនគណបក្សកាន់អំណាចយ៉ាងលើសលុប។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានវាយតម្លៃថា ដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ គ្មានអំពើហិង្សា តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតប្រមាណជាង ៨០ភាគរយ ស្មើនឹង៧.៣លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីសរុបជាង៩.២លាននាក់។

លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឲ្យដឹងថា មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។ ចំណែកគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១,៣៦០នាក់។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ (ជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់) គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ (ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ចំនួន១០នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ (ជំទប់ទី២ ចំនួន៣នាក់) គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់)៕