(សហរដ្ឋអាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិអំពីជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអរគុណប្រទេសជាមិត្តទាំងអស់ដែលផ្ដល់វ៉ាក់សាក់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។

សម្ដេចតេជោបានលើកឡើងដូច្នេះថា៖ «ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាលនានា ។ រាជរដ្ឋាភិបាលបានកំណត់ការចាក់ វ៉ាក់សាំងកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រជាគន្លឹះ»

សម្ដេចបានបន្តទៀតថា ជាលទ្ធផល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្តប់ នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ ក្នុងកម្រិតសកល ជាពិសេស ការសម្រេចបាននូវ «ភាពស៊ាំសហគមន៍» ដ៏រឹងមាំ និងអាចបើកដំណើរការប្រទេសឡើងវិញបានពេញលេញ នៅចុងឆ្នាំ២០២១ ក៏ដូចជាការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។

សម្តេចបានសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ ប្រទេសជាមិត្តរបស់យើងទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា តាមរយៈក្របខណ្ឌ ទ្វេភាគី និងពហុភាគី៕