(អាមេរិក)៖ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៧ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅបណ្តាប្រទេសដែលកំពុងជួបនូវវិបត្តិ។

ជាមួយគ្នានេះ សម្តេចតេជោបានរំលេចផងដែរ អំពីចំនួនកងកម្លាំងជាស្ត្រីកម្ពុជា ដែលបានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រ អង្គការសហប្រជាជាតិ ដែលមានចំនួនជាង១៥ភាគរយ នៃចំនួនសរុប ហើយបងប្អូនកងកម្លាំងជាស្ត្រីទាំងនេះ ពួកគាត់បានកំពុងដើរតួនាទីជាគំរូ ដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្តប់ដោយបុរស ក្នុងកិច្ចដំណើរការរក្សាសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានបន្តបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្ម ក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ។ ជាង១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ គឺជា "ស្ត្រី" ។ ពួកគាត់បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្រ្តី និងយុវនារី ក្នុងសង្គមដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការចូលរួមចំណែក ក្នុងកិច្ចដំណើរការរក្សាសន្តិភាព»

សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។

បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រ អង្គការសហប្រជាជាតិមានចំនួន ៧៨៦នាក់ (នារី១០៩នាក់) នៅ៥ប្រទេសរួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ មាលី និងអាហ្វ្រិកកណ្ដាល៕