(សហរដ្ឋអាមេរិក)៖ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ដែលបានអាចបើកដំណើរការប្រទេសឡើងវិញ បានពេញលេញចាប់តាំងពីចុងឆ្នាំ២០២១មក តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគីក្តី។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាលនានា ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការចាក់ វ៉ាក់សាំងកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រជាគន្លឹះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា «ជាលទ្ធផលកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្តប់នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេក្នុងកម្រិតសកលជាពិសេស ការសម្រេចបាននូវ ភាពស៊ាំសហគមន៍ដ៏រឹងមាំ និងអាចបើកដំណើរការប្រទេសឡើងវិញ បានពេញលេញនៅចុងឆ្នាំ២០២១ ក៏ដូចជាការស្ដារឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។ ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសជាមិត្តរបស់យើងទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាតាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី»

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩១,០២៧នាក់ ស្មើ៩៤.៩៤% នៃចំនួនប្រជាជន១៦លាននាក់។ ជាមួយគ្នានេះ សម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន ១០,១៦០,០១៩នាក់, ដូសទី៤ចំនួន ៤,២៧៥,១៧៩នាក់ និងដូសទី៥ចំនួន ៨១៥,៤២១នាក់។

ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី អេស្ប៉ាញ។ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស៕