(សហរដ្ឋអាមេរិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពិភពលោកនាពេលនេះ កំពុងជួបនូវភាពមិនប្រាកដប្រជា កាន់តែធ្ងន់ធ្ងរឡើងៗ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។

មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ធ្វើឡើងក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវិត្តកម្មចំពោះបញ្ហាប្រឈម ប្រទាក់ក្រឡាគ្នា» ដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន។

សម្ដេចបានលើកឡើងថា «ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម»

សម្ដេចបានបន្ថែមថា ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពលកាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗ ដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី៧។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងការឆ្លើយតបនឹងសមយុទ្ធយោធា។ លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ។

សម្ដេចយល់ឃើញថា ជារួមក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុងការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបាននិងកំពុងព្យាយាមចូលរួម ប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕