(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំអភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងនាំយកអំណោយមួយចំនួន មកចែកជូនដល់កងកម្លាំងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់មន្ត្រីកងកម្លាំងទាំងអស់ បន្តយកចិត្តទុក្ខដាក់ ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យមើលថាបិទហើយ ឬនៅចំពោះភ្លើងធូប ភ្លើងទៀន និងចរន្តអគ្គិសនី អំឡុងពេលប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើត និងដំណើរកម្សាន្តផ្សេងៗ។

លោកអភិបាលខណ្ឌ បានជំរុញឱ្យកម្លាំងនគរបាលខណ្ឌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យឱ្យប្រសើរឡើងថែមទៀត ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អជាប្រចាំ។ ដូច្នេះ សូមឱ្យកម្លាំងនគរបាលខណ្ឌ ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅត្រូវអនុវត្ត។

អំណោយដែលយកមកចែកជូនដល់កងកម្លាំងរួមមាន៖ អង្ករ៦០០គីឡូ មី១៥កេស ភេសជ្ជៈ ១៥កេស ទឹកសុទ្ធ១០កេស ប្រេងម៉ាស៊ូត ២០០លីត្រ និងថវិកា ១,០០០,០០០រៀល៕