(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១២០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៦៣គ្រឿង និងរថយន្ត ៥៧គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី២៣ ខែកញ្ញា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៧,១៣៣គ្រឿង ក្នុងនោះមានម៉ូតូ ៩៤,០១៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៣,១១៥គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្បឿន អត់ស្លាកលេខ ល្មើសសញ្ញា និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៣លើក ក្នុងនោះស្លាប់ចំនួន ០៨នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល២៦៦ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,២៣៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,២៩៦នាក់ របួស ៣,០៤៤នាក់ (របួសធ្ងន់ ១,៩៥០នាក់)៕