(ភ្នំពេញ)៖ ស្ថាប័នស្រាវជ្រាវដែលមានវ័យចំណាស់ និងធំបំផុតរបស់ជាតិ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន ហួវៃ (HUAWEI) បានបង្ហាញឆន្ទៈរួមគ្នា ក្នុងការអភិវឌ្ឍចំណេះដឹងជំនាញ ដើម្បីបម្រើប្រយោជន៍ដល់សង្គមមនុស្សជាទូទៅ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គ្រឹះស្ថានឧត្តមសិក្សាដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦០ និងក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធី Huawei ITC Academy និងគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ផ្សេងៗ រួមមាន៖

* ១៖ ឧបត្ថម្ភកុំព្យូទ័រលើតុ ចំនួន ១៤គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន ៦គ្រឿង សម្រាប់មជ្ឈមណ្ឌលសិក្សាអាស៉ីអាគ្នេយ៍ និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
* ២៖ ចូលរួមពិព័រណ៍ការងារនៅសាកលវិទ្យាល័យ
* ៣៖ ចូលរួមក្នុងការប្រកួតប្រជែង Huawei ITC
* ៤៖ បណ្តុះបណ្តាលនិងផ្តល់ឱកាសការងារ ដល់និស្សិតគ្រប់ជំនាញ
* ៥៖ សហប្រតិបត្តិការលើទម្រង់ការសិក្សាផ្សេងៗ។

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះ MoU មួយនេះ ដែលត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Yao Yuya អគ្គនាយកនៃក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈបានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យឈានមុខគេរបស់កម្ពុជា ដែលមានឧត្តមភាពក្នុងការបង្រៀន និងការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ និងការចូលរួមយ៉ាងសកម្ម។ សាកលវិទ្យាល័យ បានជំរុញនិងបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការរួមចំណែក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងប្រទេស តំបន់ និងសកលលោក និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដោយបណ្តុះបណ្តាលនិស្សិតនូវចំណេះដឹង ជំនាញ គុណតម្លៃ និងចរិយាសម្បត្តិសំខាន់ៗ តម្រូវតាមសង្គមចំណេះដឹង ក្នុងសតវត្សទី២១។ លើសពីនេះទៀត សាកលវិទ្យាល័យមួយនេះ ក៏បានផ្តល់នូវការស្រាវជ្រាវ ប្រកបដោយគុណភាព និងការច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមសកម្មជាមួយគ្រប់សកម្មភាពសង្គមនៅសម័យថ្មី។

ជាមួយគ្នានេះដែរ លោក Yao Yuya បានថ្លែងថា ហួវៃ ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងជាសាកល និងជាក្រុមហ៊ុនផលិតផលទូរគមនាគមន៍ខ្នាតយក្ស នៅលើពិភពលោក។

«កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាព នៃការទំនាក់ទំនងជាដៃគូមិនអាចខ្វះបាន រវាងស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យ ឯកជន ក្នុងការជួយបំពេញគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍចំណេះដឹងជំនាញ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមមនុស្សជាទូទៅ»។ នេះជាការអះអាងរបស់ភាគីទាំងពីរ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត សាន វឌ្ឍនា បានថ្លែងនូវការអបអរ និងកោតសរសើរ ដល់ភាគីទាំងពីរ ដែលមានឆន្ទៈរួមគ្នា ក្នុងការជួយលើកកម្ពស់ធនធានមនុស្ស នៃវិស័យអប់រ និងស្រាវជ្រាវ។ ក្រសួងអប់រំ ក៏បាននិងកំពុងគាំពារយ៉ាងខ្លាំងផងដែរ លើអ្នកស្រាវជ្រាវ ដែលមានគំនិតច្នៃប្រឌិត និងនវានុវត្តន៍៕