(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះជួយបងប្អូនប្រជាពលរដ្ឋ នៅឃុំស្ពានស្រែង នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក សេរី កុសល បានឲ្យដឹងថា ទឹកនៅឆ្នាំ២០២២នេះ ជាទូទៅនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានសភាពខ្លាំងជាងឆ្នាំកន្លងទៅ នៅផ្នែកខាងក្រោម ដោយសារតែវាមានទឹកហូរចូលពីខេត្ដឧត្ដរមានជ័យ និងខេត្តព្រះវិហារ។

លោក សេរី កុសល បានបន្តថា ការហូរទឹកនេះឃើញថា ធ្វើឲ្យមានការទឹកលិចពីកំណាត់ផ្លូវឃុំស្ពានស្រែង ទៅកាន់ទីរួមស្រុកភ្នំស្រុក ដោយឡែកឃុំស្ពានស្រែង មានការលិចទឹកជំនន់ទាំងស្រុង ដោយមានសភាពលឿន និងធំជាងរៀងឆ្នាំមុនៗ។ លោកបញ្ជាក់ថា កម្លាំងអាជ្ញាធរបានជួយសង្គ្រោះជីវិតកុមារម្នាក់ ដែលត្រូវទឹកហូរទៅជាមួយ។

តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យបានអះអាងថា លោកបានតាមដានបញ្ហាទឹកជំនន់នេះតាំងតែពីដើមមក មុនពេលមានទឹកជំនន់ទៅទៀត តាំងតែពីកើតមានទឹកជំនន់ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោកក៏បាននាំយកទេយ្យទាន នំបញ្ចុក និងថវិកាមួយចំនួន ប្រគេនជូនទៅវត្ដគោកចារ និងវត្ដរោគ ដែលមានចម្ងាយឆ្ងាយ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ដោយបានលិចទឹកជំនន់ទាំងស្រុងផងដែរ។

ជាមួយគ្នានេះ លោកក៏បានផ្ដល់ទូក និងម៉ាស៊ីនធុនធំមួយគ្រឿង ដែលមានតម្លៃ៨៧០ដុល្លារ។

លោកបញ្ជាក់ផងដែរមកដល់ពេលនេះ ឃុំមួយចំនួនក្នុងស្រុកភ្នំស្រុកក៏កំពុងរងការលិចលង់ផងដែរ រួមមាន ឃុំណាន់តៅ ឃុំភ្នំដី ឃុំប៉ោយចារ ដែលក្រុមការងារកំពុងតាមដាន និងជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋ។

លោក សេរី កុសល ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក អ៊ុ រាត្រី ប្រធានគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងក្រសួងធនធានទឹក និងឧតុនិយម បានចាត់ចែងខ្លាំង និងគ្រឿងចក្រ ដើម្បីចុះទៅទីតាំងទឹកលិច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋផងដែរ។ ជាពិសេសបានរៀបចំកម្លាំង និងស្បៀងអាហារ ទាន់ពេលវេលា ជួយដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់លោក ដែលបានឧបត្ថម្ភជាថវិកា ទោះតិចក្តីច្រើនក្តីក្នុងការជួយដល់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់៕