(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាតនៅក្នុងក្រុងបាវិតចំនួន ១០០គ្រួសារ នៅក្រុងបាវិត នៃខេត្តស្វាយរៀង។

ក្នុងពិធីចែកអំណោយ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង ១០០គ្រួសារ រួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលជរ័បត់ ១ ឃីត ១កញ្ចប់ (មុង សារុង ភួយនិងក្រម៉ា) និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល៕