(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីនៃសាលារាជធានីភ្នំពេញបានសហការគ្នាចុះផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ឆ្លៀតពេលដែលពួកគេប្រើប្រាស់រថយន្តមិនគិតថ្លៃរបស់សាលារាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយគណៈកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីចុះការចែកនឹងខិត្តបណ្ណផ្តល់ចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីជាការពញ្ញាក់អារម្មណ៍ដាស់តឿន និងបង្កើនការចូលរួមឱ្យបានសកម្មក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានបញ្ជាក់ថា អ្នកទទួលបានខិត្តបណ្ណផ្សព្វផ្សាយនេះ ភាគច្រើនគឺប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តមិនគិតថ្លៃរបស់សាលារាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌ។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានបន្ថែមថា សកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋនេះ គឺដើម្បីជាទុនដល់ប្រជាជនការពារខ្លួនឯង និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ។

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានបន្ថែមទៀតថា សកម្មភាពនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគាំទ្រដល់សកម្មភាពផ្សព្វផ្សាយនេះ។

គួរជម្រាបថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនទាំងនេះជូនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងឡាយណាដែលរៀបចំពិធីប្រណាំងទូកង និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី-ខេត្តនោះ៕